ភ្នំពេញ ៖ ចាប់ពីថ្ងៃទី 18 ដល់ទី 26 ខែកក្កដា ក្រុមហ៊ុនមិត្ដហ្វូន បានរៀបចំព្រឹត្ដិការណ៍ប្រកួតហ្គេម Mobile Legends Tournament ដ៏ធំបំផុតនៅកម្ពុជាក្រោមចំណងជើង «Metfone All Star Arena Tournament»។ នេះគឺជាព្រឹត្ដិការណ៍វិសេស និងពេញនិយម ដែលមានការចូលរួមពីបេក្ខភាពឆ្នើម ៨ ក្រុមក្នុងពិភពហ្គេមអេឡិចត្រូនិក (e-Sport) មកពីទូទាំងប្រទេស ជាមួយប្រាក់រង្វាន់សរុប ១ ម៉ឺនដុល្លារ។ ក្រោយពីការប្រកួតដ៏ជក់ចិត្ដ និងគួរឲ្យទាក់ទាញរយៈពេល 2 សប្ដាហ៍ ការប្រកួតនេះបានរកឃើញក្រុមជើងឯកគឺបានទៅលើ Burn Gaming។
ដំណាក់កាលចុងក្រោយ ក្រោមទម្រង់លេង Bo5 (ដែលអ្នកឈ្នះ 3 ប្រកួតដំបូង នឹងក្លាយជាអ្នកឈ្នះការប្រកួតទាំងស្រុង) ជាការប្រកួតរវាងក្រុម Impunity KH និង Burn Gaming ដែលបានរៀបចំឡើងនៅថ្ងៃទី 26 ខែកក្កដា។ ពួកគេគឺជាក្រុម 2 ឆ្នើមបំផុត ដែលបានផ្ដួលក្រុមជំនាញ 6 ក្រុមផ្សេងទៀតដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ នៅវេលាដ៏រំជើបរំជួលនោះ ក្រុម Burn Gaming បានលេងប្រកបដោយទំនុកចិត្ដខ្ពស់បំផុត និងបានឈ្នះក្រុម Impunity KH ក្នុងពិន្ទុ 3-0។ នៅថ្ងៃដដែលនោះ ក្រុម Immortal Zodiac និងក្រុម Aquatix ក៏បានប្រកួតដណ្ដើមយកជ័យលាភីលេខ 3 និងលេខ 4 ដែលក្រុម Aquatix បានឈ្នះដំណែងលេខ 3 និងលេខ 4 បានទៅលើក្រុម Immortal Zodiac។
ការប្រកួតទាំងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រទាំងអស់ត្រូវបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន។ ការប្រកួតផ្ដាច់ព្រ័ត្របានបង្កើតកំណត់ត្រាថ្មីដែលមានអ្នកទស្សនាលើអនឡាញជាង 35,000 នាក់ និងមានការប្រតិកម្មជិត 20 ម៉ឺនដងអំឡុងពេលនៃការប្រកួតនេះ។
ក្នុងការប្រគល់រង្វាន់ដល់ក្រុមទាំង 8 ដែលបានចូលរួមប្រកួត លោក Phung Van Cuong នាយកប្រតិបត្ដិក្រុមហ៊ុនមិត្ដហ្វូន បានថ្លែងថា៖ «ព្រឹត្ដិការណ៍ Metfone All Star Arena នេះគឺជាភាពជោគជ័យមួយទៀតរបស់មិត្ដហ្វូន ក្នុងការផ្ដល់ជូនដល់អតិថិជនមិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំនង និងការកម្សាន្ដគុណភាពខ្ពស់បំផុតនោះទេ ប៉ុន្ដែក៏ជាការចូលរួមចំណែកការកសាងបរិស្ថានកីឡាអេឡិចត្រូនិកដ៏រឹងមាំ និងរីកចម្រើននៅកម្ពុជាផងដែរ»។ លោកបានបន្ថែមថា៖ «អ្វីដែលសំខាន់បំផុត ព្រឹត្ដិការណ៍នេះគឺជាការចាប់ផ្តើមនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់មិត្ដហ្វូន ដើម្បីអភិវឌ្ឍ និងបង្កើតកម្មវិធីកីឡាអេឡិចត្រូនិកដ៏អស្ចារ្យនេះ ក៏ដូចជាសកម្មភាពហ្គេមលើទូរស័ព្ទដៃច្រើនទៀតនាពេលខាងមុខដ៏ខ្លី»។
ជួបជាមួយមេក្រុម Burn Gaming ដែលបានគ្រងជើងឯក លោក Leexin បានចែករំលែកនូវអារម្មណ៍រីករាយថា៖ «យើងមានក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលបានឈ្នះក្នុងការប្រកួតនេះ។ Metfone All Star Arena Tournament ពិតជាការប្រកួតដ៏អស្ចារ្យបំផុតមួយ ដែលក្រុមរបស់ខ្ញុំបានចូលរួមកន្លងមក។ ខ្ញុំចង់និយាយពាក្យអរគុណទៅកាន់ក្រុមអ្នកគាំទ្រយើង ក្រុមគ្រួសារ និងមិត្ដភក្ដិទាំងអស់ ជាពិសេស ក្រុមហ៊ុនមិត្ដហ្វូន ដែលតែងតែគាំទ្រពួកយើងតាំងពីដើមរៀងមក។ ក្រុម Burn Gaming យើងខ្ញុំសូមជូនពរ និងប្ដេជ្ញានាំយកកីឡាអេឡិចត្រូនិកនេះទៅកាន់ឆាកអន្ដរជាតិនាពេលខាងមុខ»។
ការប្រកួតនេះក៏ជាគោលដៅមួយសម្រាប់ មិត្ដហ្វូន ក្នុងការប្រែក្លាយខ្លួនជាក្រុមហ៊ុន Digital Transformation ដោយផ្តោតសំខាន់លើមាតិកាបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ការរៀបចំព្រឹត្ដិការណ៍ e-Sport គឺជាវិធីសាស្ដ្រមួយ ក្នុងបេសកកម្ម “បង្កើតទំនាក់ទំនងសង្គមឌីជីថល” ដែលមិត្ដហ្វូនមិនត្រឹមតែផ្ដល់នូវសេវាកម្មទូរស័ព្ទចល័ត និងអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញដ៏ធំបំផុត និងរឹងមាំបំផុតផងដែរ។ មិត្ដហ្វូន នឹងពង្រីកនូវការផ្ដល់សេវាកម្មឌីជីថលបន្ថែមទៀត ដូចជា Fintech, eSport, eEducation, eHealth, Smarthome និង Smart City ជាដើម៕
ដោយ៖CEN