ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជាឲ្យមន្ទីរធម្មការ និងសាសនាខេត្តតាកែវ និងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលករណីបុគ្គលឈ្មោះ ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះអរហន្ត។ ការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គឺបន្ទាប់ពីមានប្រតិកម្មរិះគន់របស់ប្រជាពលរដ្ឋលើបុគ្គលឈ្មោះ ធាន វុទ្ធី តាំងខ្លួនជាព្រះអរហន្តសារ និងបានដាក់រូបព្រះឆ័យាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជើងរូបសំណាករបស់ខ្លួនថែមទៀត ក្នុងពិធីបុណ្យមួយស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់ CEN ឲ្យដឹងថា ទាក់ទងករណីបុគ្គល ធាន វុទ្ធី នេះ រដ្ឋមន្ត្រក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំទៅកាន់មន្ទីរជំនាញពាក់ព័ន្ធដើម្បីឲ្យចុះទៅធ្វើការត្រួតពិនិត្យដោយផ្ទាល់ រួចធ្វើរបាយការណ៍មកក្រសួងវិញ ប៉ុន្តែមិនទាន់ធ្វើរបាយការណ៍បញ្ជូនមកក្រសួងនៅឡើយទេ។ ហើយខាងមន្ទីរធម្មការសាសនា និងធម្មការ កំពុងតែធ្វើការសិក្សា និងធ្វើរបាយការណ៍មកក្រសួង។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា “ខាងក្រសួងមិនទាន់មានវិធានការអីនៅឡើយទេ ចាំមើលរបាយការណ៍ជំនាញខាងក្រោយ និងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យធ្វើការសិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ម៉ត់ចត់ គឺយើងឲ្យខាងជំនាញយើងសិក្សាសិន”។
ចំណែកនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ប្រជាពលរដ្ឋមានប្រតិកម្ម និងការខឹងសម្បារយ៉ាងខ្លាំងលើបុគ្គលឈ្មោះ ធាន វុទ្ធី និងបានស្នើទៅក្រសួងធម្មការ និងសាសនា រួមទាំងស្ថាប័នពាក់ព័ន្ធចាត់វិធានការទៅលើបុគ្គលឈ្មោះ ធាន វុទ្ធី ស្លៀកសពាក់សមកតាំងខ្លួនថា ជាព្រះអរហន្ត ព្រមទាំងមានការដង្ហែជាអង្គកឋិនទានទៀត។ ដែលបានកើតឡើងនៅស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រជាពលរដ្ឋបានបន្តថា “អ្នកស្លៀកពាក់ទ្រង់គ្រឿងម្នាក់ មកតាំងខ្លួនជាព្រះបិតាចក្រវាឡ ជាអង្គព្រះពោធិសាត់ នេះជាការប្រមាថយ៉ាងច្បាស់។ តើព្រះអរហន្តចេញមកពីណា មិចបានកោះហៅ យាងសម្តេចសង្ឃ និងភិក្ខុតាមបណ្តាវត្តទៅជួប ហើយសម្តែងធម៌ទេសនាប្រោសផង? តើស្តេចមួយអង្គទៀតសោយរាជពីពេលណា មិចបានដំណឹងនេះអត់ឃើញអញ្ជើញអភិបាលខេត្ត ទូទាំងប្រទេសទៅចូលរួម? តើទាំងនេះមកពីមូលហេតុអ្វី? តើស្ថាប័នពាក់ព័ន្ធគួរគិតយ៉ាងណា?”។
សូមរម្លឹកថា បុគ្គលឈ្មោះ ធាន វុទ្ធី ធ្លាប់បានតាំងខ្លួនជាព្រះសិអារ្យមេត្រី ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចាត់វិធានការតាមច្បាប់ និងបានបាត់មុខមួយរយៈមកហើយ ប៉ុន្តែស្រាប់តែបង្ហាញខ្លួនសារជាថ្មី និងបានតាំងខ្លួនជាព្រះអរហន្ត៕ដោយៈ មុនីរាជ