ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច នៅតំបន់ផ្ទះ ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.៩២០ម៉ែត្រ ដើម្បីបង្កភាពស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏ដូចជាលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ជូនបងប្អូនអតីតយុទ្ធជនទាំងអស់ និងបានសម្ដែងនូវក្ដីរីករាយដោយបានមើលឃើញបងប្អូនអតីតយុទ្ធដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ បានមករស់នៅ ព្រមទាំងខិតខំក្នុងការបង្កបង្កើនផល ដាំដុះដំណាំ និងប្រកបមុខរបរផ្សេងៗនៅក្នុងតំបន់នេះ ។ លោកក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចតេជោ បានយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអតីតយុទ្ធជន និងគ្រួសារ តាមរយៈការផ្ដល់ជូនដី និងផ្ទះ ។ ទន្ទឹមនេះសម្ដេចក៏តែងតែក្រើនរំលឹកជាប្រចាំតាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវតែជួយគាំទ្រដល់បងប្អូនក្នុងការរស់នៅឲ្យបានល្អប្រសើរ យ៉ាងដូច្នេះហើយ ទើបនាពេលកន្លង ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្ត ក្រុងស្រុក មន្ទីរ-អង្គភាព សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចុះជាប់ជានិច្ចជួយគាំទ្រដល់បងប្អូនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ អណ្ដូងទឹក បង្គន់អនាម័យ ហើយជាក់ស្ដែងនៅថ្ងៃនេះ រដ្ឋបាលខេត្ត ក៏បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ប្រវែង១.៩២០ម៉ែត្រ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត និងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនធ្វើដំណើរនៅក្នុងតំបន់នេះ ហើយនឹងបន្តស្ថាបនាបន្ថែមទៀតនៅថ្ងៃខាងមុខ ។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យបងប្អូនបន្តខិតខំបង្កបង្កើនផល ដាំដំណាំ ដើមឈើហូបផ្លែ និងចិញ្ចឹមសត្វបន្ថែមទៀតដើម្បីបង្កើនជីវភាពគ្រួសារ និងអញ្ជើញមករស់នៅឲ្យបានជាប់លាប់ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើម្បីការពារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ចូលរួមគោរពច្បាប់ចរាចរណ៍ និងអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀនដោយឡែកអាជ្ញាធរស្រុក ឃុំ ភូមិនិងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពនៅតំបន់នេះ ព្រមទាំងត្រូវយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយនូវបញ្ហានានា ជាពិសេសក្នុងកិច្ចការផ្ដល់សេវាតម្រូវការបស់បងប្អូនឲ្យបានល្អប្រសើរ ហើយមន្ទីរ-អង្គភាពទាំងអស់ត្រូវចុះជួយឧបត្ថម្ភដល់បងប្អូនបន្តទៀតតាមការចាត់តាំងរបស់រដ្ឋបាលខេត្តកន្លងមក ៕ ដោយ៖វ៉ៃកូ