ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់ មានអ្នកជំងឺ២នាក់បានស្លាប់បន្តបន្ទាប់ ពេលពួកគាត់ទៅព្យាបាលនៅគ្លីនិកឯកជន ដោយពួកគាត់ត្រឹមឈឺក្បាល ឈឺចង្កេះ ពួកគាត់ថា គ្លីនិកឈ្មោះ មន្ទីរសំរាកព្យាបាលនិងសម្ភពសុខតិចឈាង ស្ថិតនៅផ្លូវជាតិលេខ៨ ភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ពេលទៅដល់ គ្រូពេទ្យនៅទីនោះ បានពិនិត្យវ៉ៃថ្នាំដាក់សេរ៉ូមព្យាបាលពួកគាត់ពីព្រឹក លុះដល់រសៀលស្រាប់តែប្រតិកម្មប្រកាច់ស្លាប់ម្នាក់ ដឹកទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងស្លាប់រួចហើយ ហើយបានដឹកសពមកផ្ទះធ្វើបុណ្យវិញ និងងម្នាក់ទៀតព្យាបាលបាន១ថ្ងៃដូចគ្នា ប្រតិកម្មធ្វើទុក្ខហើយ ដឹកទៅភ្នំពេញ ស្លាប់តាមផ្លូវទៀត ។
លោក ឈឹម ណាំ មានទីលំនៅភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និយាយថា អតីតភរិយា លោកឈ្មោះ យិន សុផល អាយុ៥៣ឆ្នាំ បានប្រតិកម្មថ្នាំស្លាប់នៅ(មន្ទីរសំរាកព្យាបាល និងសម្ភពសុខតិចឈាង)។
ក្រោយពេលស្លាប់ហើយ ដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត តែដល់ពេទ្យ ពេទ្យថា មិចដឹកសពមក ចឹង ប្រញាប់ដឹកទៅផ្ទះធ្វើបុណ្យវិញទៅ។
លោកបន្តថា អតីតប្រពន្ធរបស់លោកពេលមុនទៅព្យាបាល គឺមានអាការ(ឈឺក្បាលបន្តិចបន្តួចប៉ុណ្ណោះ)។
ក្នុងនោះ កាលពីព្រឹកថ្ងៃទី១៣ សីហា ២០១៩បានជិះម៉ូតូទៅផ្សំថ្នាំលេប នៅមន្ទីរសម្រាកព្យាបាលខាងលើ ខណៈនោះគ្រូពេទ្យ ក៍បានពិនិត្យព្យាបាលវ៉ៃថ្នាំដាក់សេរ៉ូមឱ្យគាត់ លុះដល់វេលាម៉ោង៤រសៀលថ្ងៃដដែល អ្នកជំងឺមានអាការ ប្រកាច់ធ្វើទុក្ខលែងដឹងខ្លួនបាត់ស្មារតី ស្លាប់នៅក្នុងគ្លីនិកតែម្ដង ប៉ុន្តែពេលនោះ គ្រូពេទ្យមានចេតនា គេចវេះមិនទទួលខុសត្រូវ យកលេះ លើកសពដាក់រថយន្តសាមុយ ដឹកទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ពេលស្លាប់ហើយនោះ ។ ឃើញស្លាប់បែបនេះ គ្រូពេទ្យបានយកលុយ៤០ម៉ឺនរៀល មកជូនគាត់ ដើម្បីប៉ះប៉ូវផ្លូវចិត្តនឹងមិនយកថ្លៃព្យាបាលទេ ចំណែកលោកស្រី កែវ សុខ អាយុ៥៣មានទីលំនៅផ្ទះជាមួយ ក៏បានលើកឡើងស្រដៀងគ្នាថា មន្ទីរសម្រាកព្យាបាលនិងសម្ភពសុខតិចឈាង បានព្យាបាលកូនប្រុស របស់គាត់បណ្ដាលឱ្យស្លាប់ ត្រឹមតែរយៈពេល១ថ្ងៃ យកលុយថ្លៃព្យាបាល២២០,០០០រៀល ហើយ ហើយពេទ្យ(វ៉ៃថ្នាំខុសទើបប្រតិកម្មស្លាប់)។
លោកស្រីបន្តថា កូនប្រុសរបស់អ្នកស្រីដែលស្លាប់ឈ្មោះ ម៉ាន ចាន់នី អាយុ២៨ឆ្នាំមានទីលំនៅភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយនៅមុនពេលចូលព្យាបាល គឺកូនគាត់គ្រាន់តែមានអាការៈ
(ឈឺចង្កេះបន្តិចបន្តួច) គឺដើរកើតជិះម៉ូតូកើតធ្វើការបានធម្មតា។ លុះដល់ព្រឹកក្នុងថ្ងៃមិនចាំ ខែមេសាឆ្នាំ២០១៩ កូនប្រុសគាត់បានជិះម៉ូតូទៅពិគ្រោះជំងឺ នៅមន្ទីរសម្រាកព្យាបាលខាងលើ។ ហើយពេលនោះពេទ្យបានសួរមកអ្នកជំងឺនិងក្រុមគ្រួសារថា តើអ្នកជំងឺធ្លាប់ចាក់ថ្នាំថ្លើមឬអត់? អ្នកជំងឺបានប្រាប់ពេទ្យវិញថា៖ មិនធ្លាប់ចាក់ថ្នាំការពារថ្លើមទេ។ ភ្លាមនោះ គ្រូពេទ្យបានប្រាប់ថា៖ ខ្ញុំចាក់ថ្នាំថ្លើមអោយនឹងបានដាក់សេរ៉ូម១កំផ្លោក ដើម្បីឱ្យមានកម្លាំងវិញ លុះពេលរសៀលថ្ងៃដដែល គ្រូពេទ្យបានឱ្យអ្នកជំងឺមកផ្ទះវិញថា ធូហើយ លុះមកដល់ផ្ទះភ្លាម ស្រាប់តែកូនគាត់ធ្វើទុក្ខខ្លាំងប្រកាច់ប្រកិនក្ដៅរហូតសន្លប់បាត់ស្មារតី។
បន្ទាប់មកក្រុមគ្រួសារបានដឹងយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នឹងដឹកបន្តទៅភ្នំពេញ លុះដល់ភ្នំពេញ ពេទ្យនៅទីនោះប្រាប់ថា ហួសពេលហើយជួយមិនបានទេ បន្ទាប់មកទើបដឹកសពមកធ្វើបុណ្យតែម្ដងទៅ ។ឆ្លើយតបនិងការលើកឡើងខាងលើលោក សុខ តិចឈាង ប្រធានODក្រុងព្រៃវែង និងជាម្ចាស់(មន្ទីរសម្រាកព្យាបាលនិងសម្ភពសុខតិចឈាង) បាននិយាយថា៖ ចំពោះអ្នកជំងឺ បានស្លាប់នោះ គឺស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ពុំមែនស្លាប់នៅគ្លីនិកលោកឡើយ។ ពោលគឺ ជំងឺពួកគាត់ធ្ងន់ៗ ដោយពេលនោះ លោកគ្រាន់តែដាក់សេរ៉ូម បើកផ្លូវ និងដាក់អ៊ុកស៊ីសែន ដើម្បីសង្គ្រោះបឋមប៉ុណ្ណោះ។
លោកបន្តថា៖ គ្មានថ្នាំប្រភេទណា? ដែលព្យាបាលជំងឺពីព្រឹក ល្ងាចស្លាប់នោះទេ មូលហេតុមកពីជំងឺគាត់ធ្ងន់។
លោក ហួរ ដា ប្រធានការិយាល័យសុខាភិបាល!ប្រតិបត្តិស្រុកស្វាយអន្ទរ បានមានប្រសាសន៍ថា រឿងព្យាបាលជំងឺស្លាប់អីនោះ លោកមិនបានដឹងទេ ខណៈពុំមានបណ្ដឹងឬរបាយការណ៍ណាមួយ មកលោកឡើយ៕ ដោយ៖វ៉ៃកូ