Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Royal Group ដោះស្រាយ​សំណង​ផលប៉ះពាល់ គម្រោង​អភិវឌ្ឍ​រោងចក្រ អគ្គិសនី ដុត​ធ្យូងថ្ម ដោយមាន​ប្រជាពលរដ្ឋ​ទទួល​សំណង ៥៨​គ្រួសារ​

​កោះកុង​៖ ក្រុមហ៊ុន Royal Group បានសម្រេច​ដាក់ទុន​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់ ដែលមាន​ផ្ទៃដី​ទំហំ ១៦៨​ហិកតា ស្ថិតនៅ​ចំណុច​ដី​ក្នុងភូមិ​ចំលង​គោមួយ​ផ្នែក និង​ភូមិ​ថ្ម​ស​មួយផ្នែក​នៃ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។​

​ការអភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់​នេះ ទទួលបាន​សិទ្ធ​ពី​រាជរដ្ឋាភិបាល ហើយ​ការអភិវឌ្ឍ​ជៀស​មិន​ផុតពី​ផលប៉ះពាល់​ផ្នែក​ខ្លះ ប៉ុន្តែ​ទន្ទឹម​និង​នេះ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត អនុគណៈកម្មការ​បច្ចេក​ទេស ដើម្បី​ដោះស្រាយ ផលប៉ះពាល់​ពាក់ព័ន្ធ នៅ​នឹង​ទីតាំង សម្រាប់​គម្រោង អភិវឌ្ឍ​រោងចក្រ អគ្គិសនី ដុត​ធ្យូងថ្ម​នេះ ដោយមាន​ប្រជាពលរដ្ឋ​ទទួល​សំណង​ពី​ការអភិវឌ្ឍ​នេះ ចំនួន ៥៨​គ្រួសារ​។​

​ការដោះស្រាយ​សំណង​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ២៨ និង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅក្នុង​បរិវេណ​វត្ត ថ្ម​ស ស្ថិតក្នុង​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ស្រ៊ុន ដា​រិ​ទ្ធ អភិបាលរង​ខេត្តកោះកុង អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អាជ្ញាធរ​ដែនដី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ទាំង ៥៨​គ្រួសារ​។​

​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ថ្លែង​អំណរ ដល់​ប្រជាពលរដ្ឋ​ទាំង ៥៨​គ្រួសារ ដែល​បាន​ចូលរួម​សហការ និង​ព្រម​ទទួលយក​ប្រាក់​គោលនយោបាយ​នេះ​។ អ្នកឧកញ៉ា បាន​មាន​ប្រសា​ន៍​បន្ថែមថា ក្រុមហ៊ុន នឹង​ខិតខំ​អនុវត្ត​គម្រោង​នេះ តាម​ផែនការ​កំណត់ ដើម្បី​ជា​ប្រយោជន៍ ដល់​ប្រទេសជាតិ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អភិវឌ្ឍ​ឃុំ​ថ្ម​ស​នេះ ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ទៅ​ថ្ងៃ​អ​នាគ​ត់​។​

​ក្នុងឱកាស​ទទួលយក​សំណង​នេះ ប្រជាពលរដ្ឋ បាន​លើកឡើងថា ពួកគាត់​យល់ព្រម ទៅតាម​អ្វីដែល​ក្រុមហ៊ុន ចង់បាន ដើម្បី​សាងសង់​រោងចក្រ​អគ្គិសនី ដែលជា​ការអភិវឌ្ឍ​មួយ​និង​ជួយ​ឱ្យ​តំបន់​របស់គាត់​ប្រែ​មុខមាត់​ថ្មី​។

​ពួកគាត់​ចង់ឃើញ​រោងចក្រ​អគ្គិសនី​នេះ សាងសង់​ឲ្យ​បាន​ចប់​ឆាប់ៗ​នា ដើម្បី​បាន​ប្រើប្រាស់​អគ្គិសនី​គ្រប់គ្រាន់​។ ជាងនេះទៀត ពួកគាត់​ក៏​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដែល​បាន​ដោះស្រាយ​ជូន​ពួកគាត់ ដែល​អាច​ទទួលយកបាន​ទាំងសងខាង​។​
​ប្រជាពលរដ្ឋ បាន​បន្ថែមទៀតថា ពួកគាត់​ព្រម​ទទួល​សំណង​នាពេលនេះ មិនមាន​ការគំរាមកំហែង​ពី ក្រុមហ៊ុន និង​អាជ្ញាធរ​ឡើយ​។ ហើយ​ពួកគាត់ បាន​សាទរ​យ៉ាងខ្លាំង ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​បង្កើត​គ្រោង រោងចក្រ​អគ្គិសនី ដើរ​ដោយ​ដុត​ធ្យូងថ្ម​នៅ​តំបន់​ពួកគាត់​។ ពួកគាត់ បាន​ទទួលយក​សំណង​ថវិកា​នេះ នឹង​យកទៅ​បង្កើន​មុខ​របប​បន្ថែមទៀត ដើម្បី​ជីវភាព​ប្រចាំថ្ងៃ​។

​សូមជម្រាបថា ប្រជាពលរដ្ឋ ដែល​ព្រម​ទទួលយក​សំណង​ប្រាក់​គោលនយោបាយ​នេះ ធ្វើឡើង​តាមរយៈ​ការបើក​សាច់ប្រាក់ ដោយ​ធនាគារ J Trust Royal Bank​។

​គួរ​បញ្ជាក់ថា រោងចក្រ​នេះ មាន​អនុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ ហើយ​អគ្គិសនី​កម្ពុជា ធានា​ទិញ​ថាមពល​ពី​គម្រោង​នេះ ៨០% ក្នុង​មួយឆ្នាំ​។ ទុនវិនិយោគ​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការដាក​ឲ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី នេះ ស្របតាម​ផែនការមេ អភិវឌ្ឍ​វិស័យ​អគ្គិសនី ដោយ​ម៉ាស៊ីន​ទី​១ អនុភាព ៣៥០​មេ​ហ្គា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ និង​ម៉ាស៊ីន​ទី​២ អនុភាព​៣៥០​មេ​ហ្គា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៤ ដែលមាន​រយៈពេល​សម្បទា​ន ៣៨​ឆ្នាំ ក្នុងនោះ រយៈពេល​សាងសង់ ៣​ឆ្នាំ និង​រយៈពេល ធ្វើ​អាជីវកម្ម​៣៥​ឆ្នាំ​៕
​ដោយ​៖CEN

×