ភ្នំពេញ៖ ថ្ងៃពុធទី២៩ ខែ កក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន៣០០ផ្ទាំង ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់មន្ត្រីនគរបាល ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការ ជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យ ក្នុងការអនុវត្តការងារកាត់ទ្រុងយានយន្តខុសលក្ខណៈបច្ចេកទេស និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់។
លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី៖ ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនៅតាមរាជធានី-ខេត្តទាំង២៥ ការផលិតវីដេអូអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអំពីកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) កម្មវិធីយល់ដឹងអំពីទ្រីស្តីនៃការបើកបរលើទូរសព្ទ (Cambodia Driving Rules) ការបើកវគ្គបណ្ដុះបណ្ដាលច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកដល់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងការបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកគ្រប់រូបភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គពិធីផងដែរ អំពីដំណើរការសាកល្បងដំឡើងប្រព័ន្ធគ្រប់គ្រង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor) ចំនួនពីរស្ថានីយ ដើម្បីត្រួតពិនិត្យយានយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ និងគម្រោងបិទយានដ្ឋានកែច្នៃខុសលក្ខណៈបច្ចេកទេសឱ្យបានអស់ជាស្ថាពរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពប្តូរផ្លាកលេខយានយន្តដឹកជញ្ជូនទំនិញទាំងអស់ដែលគ្មាន QR Code ដោយឥតគិតថ្លៃ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងយានយន្តនៅកម្ពុជា។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីពិធីប្រគល់-ទទួល ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់ មិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ បង្កភាពយឺតយ៉ាវទាំងអស់គ្នា និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាស្ពានថ្នល់យើងឱ្យបានគង់វង្ស ប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងពិធីទទួលនេះ បានមានប្រសាសន៍ថា ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ និងការទទួលខុសត្រូវខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការដឹកនាំពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំ និងសហការចុះត្រួតពិនិត្យ និងលើកទឹកចិត្តដោយផ្ទាល់ផងនោះ ទើបធ្វើឲ្យយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ទទួលបានជោគជ័យដូចពេលនេះ។ ឯកឧត្តម បន្តថានេះជាមោទនភាពមួយ នៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់៦ខែ ដើមឆ្នាំ២០២០ ដែលយើងអាចមើលឃើញពីចំនុចវិជ្ជមាន គឺតថភាពជាក់ស្តែងដែលសង្គមទាំងមូលទទួលស្គាល់ ដែលយើងបានមើលឃើញច្បាស់ទាំងអស់គ្នាមិនអាចប្រកែកបាន។ ក្នុងនោះទី១ចំនួនបទល្មើសមានការថយចុះ ទី២ចំនួនអ្នកស្លាប់ និងអ្នករបួសមានការថយចុះ និងទី៣ដែលជាចំនុចសំខាន់បំផុត គឺយើងបានប្តូរឥរិយាបថអ្នកធ្វើដំណើរតាមដងផ្លូវ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្ថែមឲ្យដឹងថា ជាការឆ្លើយតបទៅនឹងអំណោយជាស្លាកសញ្ញាទាំងនេះ ក្នុងនាមអគ្គស្នងការនគរបាលជាតិនឹងចាត់ទុកថាជាគំរូដ៏ល្អមួយហើយនិងធ្វើការតបស្នងវិញដោយពង្រឹងកិច្ចការរបស់នគរបាលចរាចរណ៍ និងប្តេជ្ញាចិត្តសហការក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បីជំរុញរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ជាចុងក្រោយក្រៅពីការថ្លែងអំណរគុណក៏បានសំណូមពរឲ្យខាងក្រសួងសាធារណការ ជំរុញឲ្យមានការបង្រៀនពីច្បាប់ចរាចរណ៍ ការរំលឹកពីច្បាប់ចរាចរណ៍ដើម្បីឲ្យក្លាយទៅជាទម្លាប់ របស់ស្ថាប័ន របស់សហគមន៍ រហូតទៅដល់ក្នុងគ្រួសារនីមួយៗ។ ឯកឧត្តម បន្តថា ការផ្សព្វផ្សាយច្បាប់ការគោរពច្បាប់ ការយល់ពីការធ្វើចរាចរណ៍ ការយោគយល់គ្នា មិនមែនតួនាទីរបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកតែម្នាក់ឯងអាចផ្សព្វផ្សាយបានទេ ទាល់តែស្ថាប័ន សហគមន៍ និងគ្រួសារនីមួយៗចូលរួមអនុវត្តន៍ទាំងអស់គ្នាទើបអាចទទួលបានជោគជ័យ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់ជូនរនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំង ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖កូឡាប