ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្ត របស់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ។ គ្រប់សំណង់អគារទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ និងមានច្បាប់អនុញ្ញាតសាងសង់ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។
នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងលោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យ អាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការហាមឃាត់ គ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត ។ ចំពោះសំណង់ខុសប្លង់ លើស ៥ឬ១០ជាន់ បើត្រូវ វាយឬកាត់ជាន់ចោលគឺ កាត់ជាន់ទាំងនោះចោលតែម្តងមិនត្រូវទុក រហូតបង្កហានិភ័យដល់មនុស្សនោះទេ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា ការសង់សំណង់ខុសច្បាប់អនុញ្ញាត ត្រូវហាមឃាត់ ឬវាយចោលមិនត្រូវទុកឲ្យ មានការភ័យកើតឡើងទេ ។ បញ្ហាបែបនេះ យើងធ្លាប់បានវាយនិងកាត់សំណង់កម្ពស់១០ជាន់រួចម្តងហើយ។ ការធ្វើដូច្នេះ គឺដើម្បីកុំឲ្យមានហានិភ័យកើតឡើងប៉ះពាល់ដល់អាយុជីវិតមនុស្ស។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកគាំទ្រជានិច្ចចំពោះការបើកការដ្ឋានឲ្យសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់និងសំណង់ ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។
ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ នៅក្នុងរាជធានីភ្នំពេញ ឲ្យឲ្យពួកគាត់ ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀសវាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ចំពោះរពួកគាត់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់ ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននឹងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅនិងអ្នកឆ្លងកាត់អគារទាំងនេះ៕
ដោយ៖កូឡាប