ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១នាក់ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក និងជាសះស្បើយ៨នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១នាក់ និងជាសះស្បើយ៨នាក់។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជា បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាសយដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
បុរសរូបនោះជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផល វិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូ វីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០៕
ដោយ៖កូឡាប