ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM) ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងនានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គការជាតិ និងអន្ដរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះ។
លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរអន្តោប្រវេសន៍ប្រចាំកម្ពុជា បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យពលករទេសន្តរអន្តោប្រវេសន៍ជាង ១០០.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០២០។ នៅពេលត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ ពលករដែលបានវិញត្រឡប់មកទាំងនោះ អាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន ដោយសារតែកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យនៃការជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង។ កតិការសញ្ញានេះ ជាឱកាសមួយសម្រាប់អនុវត្តការងារ បន្តទាក់ទងនឹងបញ្ហាសំខាន់ៗ នៃទេសន្តរអន្តោប្រវេសន៍ ដែលមាននៅក្នុងរបៀបវារៈឆ្នាំ២០៣០ នៃការអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងធានាថា ជនទេសន្តរប្រវេសន៍នឹងមិនត្រូវបោះបង់ចោលទេ។
សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉កដែលមានសមាជិកចូលរួមចំនួន១៥២ប្រទេស។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឲ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ (IOM) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ នៅទីក្រុងភ្នំពេញក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកតំណាងចូលរួមជាង១០៧នាក់ មកពីក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ជាដើម ក្នុងការចូលរួមចំណែកត្រៀមធ្វើការអនុម័តទៅលើកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក៕ ដោយ៖កូឡាប