ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) រវាងកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សុំភាគីចិនជួយពន្លឿនការចរចាពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់នាំចេញ។
ផលិតផលកសិកម្មទាំងនោះរួមមាន ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្ករស ដូង និងសម្បុកទឹកមាត់ត្រចៀកកាំ។ល។ កន្លងទៅ កម្ពុជា និងចិន បានចុះពិធីសារអនាម័យ និងភូតគាមអនាម័យជាបន្តបន្ទាប់ ក្នុងការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមី ពោត ចេក និងផ្លែស្វាយ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើភាគីចិនឱ្យជួយគាំទ្រអភិវឌ្ឍន៍ធុរកិច្ចដែលកំពុងងើបឡើង ដូចជា សេដ្ឋកិច្ចឌីជីថល ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ជាដើម ។ល។ និងជួយកម្ពុជារៀបចំរចនាសម្ព័ន្ធឧស្សាហកម្មឱ្យប្រសើរឡើង និងលើកកម្រិតឧស្សាហូបនីយកម្មស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចសកលផងដែរ។
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) រវាងកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ដោយមានការសម្របសម្រួលពីធនាគារចិន (Bank of China) លីមីតធីត និងដឹកនាំដោយ លោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក៏មានការបង្ហាញនិងបកស្រាយពីគោលនយោបាយនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ការបើកចំហរទីផ្សារ ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនថា កម្ពុជា បានត្រៀមលក្ខណៈចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ពីថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោក នឹងត្រូវបានគ្រប់គ្រងបាន និងមានជើងហោះហើរជាប្រក្រតីឡើងវិញ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំពន្លាជាតិកម្ពុជាមួយ និងសម្របសម្រួលដឹកនាំវិស័យឯកជនទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចការចូលរួមពីរលើកកន្លងទៅផងដែរ។
សូមជម្រាបជូនថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រកាសជាផ្លូវការក្នុងអំឡុងពេលអញ្ជើញបើកសន្និសីទកំពូលខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Forum) ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០១៧ ដែលបានប្រកាសឱ្យក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលទីក្រុងសៀងហៃ រៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន កម្រិតពិភពលោក ដោយចាប់ផ្តើមកាលពីឆ្នាំ២០១៨។ ព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោកនេះ បានទាក់ទាញការចាប់អារម្មណ៍ពីបណ្តាប្រទេសជាច្រើនលើពិភពលោក ឱ្យសកម្មចូលរួម ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមក។
កម្ពុជាធ្លាប់បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ចំនួន ២ លើកមកហើយ ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក គឺលើកទី១ នៅឆ្នាំ២០១៨ និងលើកទី២ នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានទទួលភារៈជាប្រទេសកិត្តិយសក្នុងពិព័រណ៍ដ៏មានសារៈប្រយោជន៍នេះផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា-ចិន ដែលបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែប មិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក។
កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ និងឈានដល់បង្កើត សហគមន៍វាសនារួម កម្ពុជា ចិន នៅឆ្នាំ២០១៩។ ចំណងមិត្តភាពនៃប្រទេសទាំងពីរ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងៗ និងទទួលបានផលប្រយោជន៍ទាំងសងខាង។
ជាសក្ខីកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានកំណើនជាប្រចាំ គឺសម្រេចបានជាង ៦ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩។ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្តេជ្ញាខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ ពាន់លានដុល្លារ នាឆ្នាំ២០២៣ ខាងមុខ៕
ដោយ៖CEN