ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការនិងនីតិវិធីនៃគម្រោងហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម» ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ឯកឧត្តម រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ជំហានទី១ នៃគម្រោងហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ដែលមានទឹកប្រាក់១០០លានដុល្លារនោះ គិតមកទល់ពេលនេះ បានបញ្ចេញកម្ចីជាង៣០លានដុល្លារ ហើយដែលជាវឌ្ឍនភាពគួរឲ្យកត់សម្គាល់។
ឯកឧត្តមបន្ថែមថា ចំពោះជំហានទី២វិញ រាជរដ្ឋាភិបាល បានត្រៀមថវិកា ចំនួន៥០០លានដុល្លារថែមទៀត ក្នុងនោះ២០០លានដុល្លារ សម្រាប់ធានាឥណទាន និង៣០០លានដុល្លារ សម្រាប់ផ្តល់ឥណទានបន្ថែមទៀត ដើម្បីផ្តល់ជូនដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា នៅបន្តរក្សាដំណើរការអាជីវកម្ម នៅក្នុងពេលមានវិបត្តិ COVID-19។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញ នូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទាន មានការប្រាក់ទាប គាំទ្រដល់បងប្អូនប្រជាកសិករ បងប្អូនប្រជាសហគមន៍ដាំដុះបន្ថែ ផ្លែឈើ ចិញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែង សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យស្រូវអង្ករ ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅទ្រទ្រង់និវត្តភាព បង្កើតការងារបន្ថែម ពង្រីកភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល ទៅក្នុង ដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19៕
ដោយ៖CEN