ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការទី៨ ព្រឹទ្ធសភាជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា បានប្រកាសគាំទ្រចំពោះវិធានត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង៥ ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា តាងនាមគណៈកម្មការទី៨ នៃព្រឹទ្ធសភា ក៏ដូចក្នុងនាមលោកជំទាវផ្ទាល់ សូមចូលរួមគាំទ្រ និងសំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តរួមសហការជំរុញដោះស្រាយ ចំពោះផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យ
អត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ បង្ការកុំឲ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើការព្យាបាលដោយ ក្នុងនោះរួមមាន ៖ បង្កើនការយល់ដឹង និងផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់។ សាធារណជន យុវជន និងភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់។ ពង្រីកកម្មវិធីកន្លែងធ្វើការ ទីសាធារណៈ ជាតំបន់គ្មានផ្សែងបារី។ ពង្រីកសារព្រមានសុខភាពជារូបភាព នៅលើកញ្ចប់ផលិតផលថ្នាំជក់ឲ្យមានទំហំធំ។ បង្កើនពន្ធលើផលិតផលថ្នាំជក់ ដើម្បីប្រសិទ្ធភាពការពារសុខភាពដល់ប្រជាជន។ ហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទម្រង់។
តាមរយៈការស្រាវជ្រាវពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា របស់អង្គការសហប្រជាជាតិ
បានបង្ហាញឲ្យឃើញថា កាអនុវត្តវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង៥ អាចធ្វើឲ្យកម្ពុជាសង្គ្រោះ ជីវិតប្រជាពលរដ្ឋប្រមាណ ៥៧.០០០នាក់ ពីការស្លាប់មុនអាយុ និងបង្ការកុំឲ្យមានការខាតបង់សេដ្ឋកិច្ច និង លើការព្យាបាលប្រមាណ ១.៨៩៩ លានដុល្លានៅឆ្នាំ២០៣៣។
គូសបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាចំនួន ១៥.០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ដែល ៣៣% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែល មានប្រាក់ចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់បណ្តាលឲ្យខាតបង់ទឹកប្រាក់ ចំនួន ៦៤៩លានដុល្លារអាមេរិក ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
តាមការសិក្សាពីការអង្កេត ស្ដីពីការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០១៩ បានបង្ហាញថា មានបារីប្រមាណ ៣០% ដែលដាក់តាំងលក់លើទីផ្សារ ពុំមានបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាព ហើយបារី ៥៨% ដែលលក់លើទីផ្សារពុំមានតែមប្រិ៍ពន្ធនោះទេ។ ការសិក្សានេះក៏បានបញ្ជាក់ថា មានការផ្សាយពាណិជ្ជកម្មបារីប្រមាណ ២០% ដោយ
ក្រុមហ៊ុនថ្នាំជក់ បានផ្ដល់សម្ភារផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍ទៅអោយអ្នកលក់បារីជាច្រើន។
តាមរយៈនៃកិច្ចពិភាក្សានេះ លោកជំទាវ បានប្រសាសន៍សន្យានឹងបន្តផ្តល់នូវកិច្ចសហការល្អបន្ថែមទៀត ជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជាក្នុងករណីបើមានសំណូមពរស្នើសុំការគាំទ្រណាមួយ ពីគណៈកម្មការ ដើម្បីជំរុញឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ។ ជាពិសេស ចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាពសង្គម។
លោកជំទាវ សង្ឈឹម និងមានជំនឿយ៉ាងមុតមាំលើឆន្ទះ និងការចូលរួមប្ដេជ្ញាចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិតជាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ បញ្ហាប្រឈម សំដៅបង្ការ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីបង្ការជំងឺមិនឆ្លងនៅកម្ពុជា ប្រកបដោយលទ្ធផលដែលបានកំណត់ទុក៕ដោយ កូឡាប