ភ្នំពេញ ៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានមើលឃើញថា ការសម្រេចរបស់ផ្សារទំនើបរបស់ជប៉ុនមួយនេះ គឺបានជួយលើកស្ទួយនូវការប្រើប្រាស់ប្រាក់រៀលរបស់ខ្មែរ។ លោកស្រីបានថ្លែងបែបនេះ បន្ទាប់ពីផ្សារទំនើបអ៊ីអន (AEON) បានប្រកាសពីការឈប់ទទួលអាប់ប្រាក់ដុល្លារប្រភេទតូច ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ ត្រឡប់ទៅអថិជនរបស់ខ្លួន ដោយប្តូរទៅអាប់ជាប្រាក់រៀលវិញ។
ផ្សារទំនើបអ៊ីអន បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ តទៅ ផ្សារទំនើបនេះ នឹងផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ ១ដុល្លារ ២ដុល្លារ ១០ដុល្លារ សម្រាប់ការអាប់ត្រឡប់ រាល់ប្រាក់អាប់នឹងត្រូវប្រើប្រាស់ ជាប្រាក់រៀលវិញ។ ក្នុងន័យនេះ បានសេចក្តីថា ក្រដាសប្រាក់ដុល្លារប្រភេទ១ដុល្លារ ៥ដុល្លារ ១០ដុល្លារ គឺផ្សារទំនើប AEON នៅតែទទួលពីអតិថិជនរបស់ខ្លួនដដែល ប៉ុន្តែបើអាប់លុយជូនអតិថិជនវិញ នូវក្រដាសប្រាក់ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ គឺផ្សារទំនើប AEON មិនអាប់ជូន គឺត្រូវអាប់ជាប្រាក់រៀល។
លោកស្រី ជា សិរី បានសរសេរលើនៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០នេះថា “ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះ សម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់ឲ្យអាប់ នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នា គួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ”។
សូមបញ្ជាក់ថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ។”
លោកស្រី បានបន្ថែមទៀតថា “ជាទូទៅជប៉ុនគាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវ ពីការប្រើប្រាស់ប្រាក់រៀល នៅកម្ពុជាតាមរយៈ JICA ការទទួលយកតែប្រាក់រៀល សម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀល ក្នុងផ្សារទំនើបមុនគេ ក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា”។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្នុងព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតាមធនាគារ នៅតែទទួលយកលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ហើយនៅចាយធម្មតា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា អាជ្ញាធរនឹងចាប់ ជនទាំងឡាយណាថា ឈប់ចាយលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ហើយប្រជាពលរដ្ឋត្រូវរា យការណ៍ទៅអាជ្ញាធរ ដើម្បីចាត់វិធានការភ្លាមៗ បើមានកន្លែងដូរលុយណា ហ៊ានកាត់ទឹក ចំពោះលុយទាំងនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អាចង្រៃណាដែលវាទៅប្រកាសថា គេឈប់ ចាយប្រាក់ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ រកឃើញចាប់វាឲ្យបាន។បើវានៅតែបន្ដ ចាប់វាទៅ ទោះគុកចង្អៀត តែគុកនៅអាចដាក់បាន»។
សម្ដេចតេជោ បញ្ជាក់ថា ឲ្យតែបំផ្លាញគ្មានទុកឡើយ គឺត្រូវចាត់វិធានការភ្លាមៗ ដើម្បីដាក់ តាមផ្លូវច្បាប់។ សម្ដេច ផ្ញាំផ្ញើទៅប្រជាពលរដ្ឋថា ឥឡូវចាយប្រភេទនឹងធម្មតាទៅ កុំព្រួយបារម្ម ណ៍ឲ្យសោះ។ សម្ដេចថា ចំពោះលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ធនាគារជាតិនៃកម្ពុជា ឈប់បញ្ចេញទៀតហើយ ប៉ុន្ដែប្រជាពលរដ្ឋនៅចាយធម្មតាបាន ដោយងាយស្រួលបំផុត។
សម្ដេចតេជោ បន្ថែមថា វិធានការចំពោះ លុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ នេះគ្មានការខាត់បង់ចំពោះប្រជាពលរដ្ឋឡើយ។ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅទៅដល់ប្រជាពលរដ្ឋ ត្រូវរាយការណ៍ទៅសមត្ថកិច្ចដើម្បីចាត់វិធានការភ្លាមៗ ចំពោះកន្លែងដូរលុយណាមួយ ហ៊ានកាត់ទឹក លុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ។ សម្ដេចតេជោ បញ្ជាក់ថា បើមានការលើកទឹកចិត្តឲ្យមានចាយប្រាក់រៀល កាន់តែល្អ ហើយ មានអ្នកខ្លះថា សម្ដេចតេជោ បោះបង់លុយដុល្លារ យកលុយយេនរបស់ចិនយកមកប្រើប្រាស់ នៅកម្ពុជា។
សូមរំលឹកថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញតម្រូវការ ប្រើប្រាស់ប្រាក់រៀល នៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេស សម្រាប់ប្រតិបត្តិការ ដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ គួរត្រូវជំនួស ដោយប្រាក់រៀលវិញ។ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចទុកពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំ យកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ៕ដោយ៖កូឡាប