ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ មានការកើតឡើងអំពីការតេបោកបញ្ឆោត (Scam) មួយប្រភេទដែលកំពុងរីករាលដាល ចំពោះអ្នកប្រើប្រាស់កម្មវិធីធនាគារ (Bank App) ក្នុងប្រទេសកម្ពុជា ដែលបញ្ហាស្រដៀងនេះ ក៏ធ្លាប់បានកើតឡើងកន្លងមករួចហើយ។
ការតេបោកបញ្ឆោតនោះគឺ ជនខិលខូចបានតេទៅ អ្នកដែលមានប្រើកម្មវិធីធនាគារ ជាពិសេសគឺអ្នកប្រកបមុខរបរអនឡាញដែលបានបង្ហាញ ទាំងលេខទូរស័ព្ទ និងលេខគណនីធនាគារ នៅតាមបណ្ដាញសង្គមនោះថា បានឈ្នះរង្វាន់ជាសាច់ប្រាក់ពីធនាគារ។ បន្ទាប់ពីបាននិយាយបញ្ចុះបញ្ចូល ឬបន្លែបន្លំអ្នកប្រើប្រាស់មួយសន្ទុះក្រោយមក ពួកគេក៏ឱ្យអ្នកប្រើប្រាស់ផ្ដល់លេខកូដ ដែលបានទទួលពីធនាគារ ហើយពួកជនខិលខូចក៏ប្រើលេខកូដនោះ ដើម្បី login ចូលទៅក្នុងគណនីរបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់ចេញពីគណនីធនាគារ។
ដើម្បីចៀសវាងការខាតបង់ប្រាក់កាសរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់ កុំផ្ដល់ទិន្នន័យទាំងឡាយណា ដែលទាក់ទងនឹងធនាគារ ពេលដែលមានការស្នើសុំតាមរយៈការផ្ញើសារ ឬការតេចូលក្តី។ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅលេខទូរស័ព្ទរបស់ធនាគារផ្ទាល់ ដើម្បីបញ្ជាក់ពីការស្នើសុំទិន្នន័យទាំងអស់នោះ។ ព័ត៌មានដែលលោកអ្នកមិនត្រូវឱ្យគេដឹងមានដូចជា៖ – លេខសម្ងាត់ ឬលេខ Pin សម្រាប់ប្រើប្រាស់កាតធនាគារ – លេខកូដដែលទទួលបានពីធនាគារដើម្បីធ្វើការ login ចូលទៅក្នុងកម្មវិធី (Bank App) – លេខកាតទាំង 16 ខ្ទង់ ឬលេខ cvv ដែលនៅខាងក្រោយកាត៕
ដោយ៖បញ្ញាស័ក្តិ