ភ្នំពេញ៖ បណ្ឌិត គុណ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអះអាងថា លទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ បានរកឃើញចំណុចកកស្ទះ (Bottleneck) ធ្វើឱ្យការបំពេញបែបបទ នៅតាមដំណាក់កាលខ្លះ ត្រូវចំណាយពេលវេលាយូរ ដោយមូលហេតុកំណើនខ្ពស់ នៃចរាចរទំនិញនាំចេញ-នាំចូល។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) បានប្រារព្ធសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ (Time Release Study-2019) នាថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Raffles Le Royal ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានការចូលរួមពីចម្ងាយតាមរយៈ Video Conference ពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, អង្គការគយពិភពលោក និងចូលរួមដោយផ្ទាល់ពីតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធរួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា រួមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញនៅឆ្នាំ ២០១៩ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពី កិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងកាពត្វកិច្ចរបស់កម្ពុជាដែលត្រូវបំពេញស្របតាមការតម្រូវរបស់អាស៊ាន ក្នុងការសិក្សាការកាត់បន្ថយចំណាយចម្លងការពាណិជ្ជកម្ម (Trade Transaction Cost-TTC)។ នីតិវិធីនៃការសិក្សាត្រូវអនុវត្តស្របតាមឯកសារណែនាំស្តីពីការសិក្សារយៈពេលបញ្ចេញទំនិញ របស់អង្គការគយពិភពលោក (WCO TRS Guide)។ ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ នេះ ជាឧបករណ៍មួយសម្រាប់ធ្វើការវាស់វែងរយៈពេលនៃការអនុវត្តនីតិវិធីបំពេញបែបបទ, កិច្ចប្រតិបត្តិការរបស់ស្ថាប័នគយ និងភាគីពាក់ព័ន្ធក្នុងកិច្ចសម្រួលពាណិជ្ជកម្មនៃការនាំចេញ-នាំចូលទំនិញ និងមានវិសាលភាពគ្របដណ្តប់តាមមាត់ច្រកព្រំដែនផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ចំនួន ០៧ ទីតាំង។
ទន្ទឹមនេះ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមទៀតថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅនិងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ក្នុងនោះរួមមានការកែសម្រួលសមត្ថកិច្ចត្រួតពិនិត្យនៅព្រំដែន, ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការកែសម្រួលកម្រៃស្កែន, ការកាត់បន្ថយថ្លៃលើកដាក់នៅកំពង់ផែ និងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ជាដើម។
នៅក្នុងអង្គសិក្ខាសាលា អ្នកជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី និងអ្នកជំនាញការរបស់អង្គការគយពិភពលោក បានធ្វើបង្ហាញផ្សព្វផ្សាយពីនិន្នាការថ្មីៗ នៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ, សកម្មភាពការងាររបស់អង្គការគយពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជំនួយគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំបន្តបន្ទាប់។
ជារួម លទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ បានឆ្លុះបញ្ចាំងនូវភាពប្រសើរឡើង នៃការបំពេញបែបបទបញ្ចេញទំនិញ តាមរយៈការអនុវត្តអនុសាសន៍ដែលបានលើកឡើង ក្នុងរបាយការណ៍លទ្ធផលនៃការសិក្សា រយៈពេលបំពេញបែបបទបញ្ចេញទំនិញពីគយ ឆ្នាំ២០១៣ រួមទាំងការអនុវត្តតាមវិធានការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា។ ការបំពេញបែបបទនៅតាមដំណាក់កាលនីមួយៗ ត្រូវបានកាត់បន្ថយពេលវេលា តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការកែសម្រួលនីតិវិធី, និងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារនិងធនធានមនុស្ស។
ទោះជាបែបនេះក៏ដោយ លទ្ធផលនៃការសិក្សាក្នុងឆ្នាំ២០១៩ ក៏បានរកឃើញចំណុចកកស្ទះ (Bottleneck) ធ្វើឱ្យការបំពេញបែបបទនៅតាមដំណាក់កាលខ្លះត្រូវចំណាយពេលវេលាយូរ ដោយមូលហេតុកំណើនខ្ពស់នៃចរាចរទំនិញនាំចេញ-នាំចូល, នីតិវិធីការងារមួយចំនួននៅមានច្រើនដំណាក់កាល, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពុំទាន់ពេញលេញ និងភាពអសកម្មខ្លះរបស់តួអង្គពាក់ព័ន្ធ ដែលជាមូលដ្ឋានសម្រាប់ពិនិត្យ និងកែសម្រួលដោះស្រាយការប្រឈមតាមសមត្ថកិច្ចរៀងៗខ្លួន។
ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់អង្គសិក្ខាសាលាទាំងមូលដែលបានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ឱ្យបានផុសផុលជាមួយអ្នកជំនាញការ និងក្រុមការងារបច្ចេកទេស លើរបាយការណ៍លទ្ធផលដែលបានរៀបចំ និងបានផ្តល់ធាតុចូលបន្ថែម ជាពិសេសលើវិធានការ និងផែនការសកម្មភាព សម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្តដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាពក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៕ដោយ កូឡាប