ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើន
សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី ៥, ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹង សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ នៅបន្តមានវត្តមាន និងបង្កនូវផលប៉ះពាល់, ដោយស្ថិតក្នុងស្មារតីបុរេសកម្ម គួបផ្សំនឹងកិច្ចសហការ និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាជន និងវិស័យឯកជន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ៤ ជុំ ជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ គិតមកដល់ពេលនេះ, កម្ពុជាបានសម្រេចនូវលទ្ធផលវិជ្ជមានគួរជាទីកត់សម្គាល់ ។ ជាក់ស្តែង, ប្រជាជនទូទៅ ក៏ដូចជាធុរជន បាននិងកំពុងផ្លាស់ប្តូរទម្លាប់ និងឥរិយាបទសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ហើយសម្រេចចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ នៅតាមបណ្ដាខេត្ត-ក្រុងនានានៅទូទាំងប្រទេស និងចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិត និងបំពេញសកម្មភាពអាជីវកម្ម-ធុរកិច្ចជាបណ្តើរៗឡើងវិញ ។ ទោះជាយ៉ាងនេះក្ដី, វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមាន៖ វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ ។ ជាមួយគ្នានេះដែរ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំក៏កំពុងបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ក្នុងបរិការណ៍នេះ, ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងសង្គម, ទាំងក្នុងក្របខ័ណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី ៥ ក្នុងគោលបំណង (១). បន្តជួយស្ដារ និងជំរុញលទ្ធភាពអាជីវកម្ម-ធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (២). បន្តជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។
វិធានការជុំទី ៥ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គពាក់ព័ន្ធ រួមមាន ដូចខាងក្រោម ៖
១. វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍
១.១. រាជរដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោង ចក្រ, សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Sector) ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ , កាបូប និងវិស័យទេសចរណ៍ ដែលបានចុះបញ្ជី ផ្លូវការត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, ក្រសួង ទេសចរណ៍ និង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទាំងពីរខាងលើ ត្រូវទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ច សន្យាការងារ និង/ឬលិខិតអនុញ្ញាត ឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ(Criteria) និង លក្ខខណ្ឌនៃ ការព្យួរកិច្ចសន្យាការងារ ព្រមទាំងប្រតិបត្តិតាមលក្ខខណ្ឌ ដែលបានអនុវត្តក្នុងជុំកន្លងមក រាជរដ្ឋាភិបាលកម្ពុជានឹង • ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។ រោងចក្រ សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។ • ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែល ធ្វើការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោល ការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។
១.២. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបាន , ផ្ទះសំណាក់, ភោជនីយដ្ឋាន ចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមាន សកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ , ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០២ ខែ បន្ថែមទៀត ចាប់ពីខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ។
២. វិធានការបន្តជួយវិស័យអាកាសចរណ៍ • បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០២ ខែបន្តទៀត ចាប់ពី ខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។
៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ • បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០២ ខែទៀត គឺខែ សីហា និងខែ កញ្ញា ឆ្នាំ ២០២០ ។ ក្រសួង -ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្តីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕ ដោយ៖កូឡាប