ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។
រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំ របស់អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើន
សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ជុំទី ៥ ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹង សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ នៅបន្តមានវត្តមាន និងបង្កនូវផលប៉ះពាល់។ ទោះជាយ៉ាងនេះក្ដី, វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមាន៖ វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ ។ ជាមួយគ្នានេះដែរ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំក៏កំពុងបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ គឺរាជរដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោង ចក្រ, សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Sector) ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ , កាបូប និងវិស័យទេសចរណ៍ ដែលបានចុះបញ្ជី ផ្លូវការត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, ក្រសួង ទេសចរណ៍ និង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទាំងពីរខាងលើ ត្រូវទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ច សន្យាការងារ និង/ឬលិខិតអនុញ្ញាត ឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ(Criteria) និង លក្ខខណ្ឌនៃ ការព្យួរកិច្ចសន្យាការងារ ព្រមទាំងប្រតិបត្តិតាមលក្ខខណ្ឌ ដែលបានអនុវត្តក្នុងជុំកន្លងមក រាជរដ្ឋាភិបាលកម្ពុជានឹង ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។
រោងចក្រ សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។ • ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែល ធ្វើការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោល ការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ៕ ដោយ៖កូឡាប