Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចំនួន​៦១​គ្រួសារ ស្នាក់នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង បាន​ប្ដូរ​ទៅ​រស់នៅ លើដី​កម្មសិទ្ធិ​ស្របច្បាប់​របស់ខ្លួន តាម​ប្រឡាយ​ស្ទឹងមានជ័យ​

​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ដែល​ស្នាក់នៅ​បណ្តោះអាសន្ន ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ចំនួន​៦១​គ្រួសារ ពេលនេះ​ពួកគាត់ បាន​វិញ​ត្រឡប់​ទៅ​រស់នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់ ស្របតាម​ប្រឡាយ​ស្ទឹងមានជ័យ​វិញ​ហើយ ។ នេះ​បើតាម​ការបញ្ជាក់ របស់លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយមាន​ការណែនាំ​ពី លោក ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់ថា គិត​មកដល់ពេលនេះ ក្នុងចំណោម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តោះអាសន្ន​ទាំងអស់​ចំនួន​១៥៣​គ្រួសារ គឺមាន​ចំនួន​៦១​គ្រួសារ​ហើយ បាន​ប្ដូរ​ទៅ​រស់នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់ នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ​វិញ ។ លោក​បន្តថា គម្រោង​នាពេល​ឆាប់ៗ​ខាងមុខនេះ ពួកគាត់​នឹង​ចាកចេញ​ពីក្រោម​ស្ពាន​អាកាស​នេះ ទាំងអស់គ្នា ហើយ​វិលត្រឡប់​ទៅ​រស់នៅ​លើដី​ដែលជា​កម្មសិទ្ធិ​ស្របច្បាប់ តាម​ប្រឡាយ​ស្ទឹងមានជ័យ ខណៈដែល​ការដ្ឋាន​ស្ថាបនា ដោយ​បុក​ស៊ី​ផាយ និង​ស្ថាបនា​ផ្លូវ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ បានបញ្ជាក់​រួចរាល់​ហើយ​ដែរ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ របាយការណ៍​នៃ​ការសិក្សា​ទិន្នន័យ​មូលដ្ឋាន នៃ​សហគមន៍ នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ និង​ការរៀបចំ​យុទ្ធសាស្ត្រ ស្វែងរក​ការគាំទ្រ​មតិ លើ​វិស័យ​រៀបចំ​ផែនការ នគរូបនីយកម្ម និង​ការគ្រប់គ្រង​ដីធ្លី បាន​ថ្លែង​ជំរុញ​ឲ្យ​ក្រុមការងារ​ព​ន្លឿ​ន ការស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ឲ្យ​បាន​ឆាប់​រួចរាល់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​បណ្តោះអាសន្ន ក្រោម​ស្ពាន​អាកាស​នេះ ឆាប់​បាន​ទៅ​រស់នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់​វិញ​។ ក្រោម​ការប្រទាន​កម្ម ពី​ប្រមុខ​រាជរដ្ឋាភិបាល គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​ដោយ​៖​កូ​ឡាប​

×