Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បាន​ពង្រីក​តំបន់ ការពារ​ធម្មជាតិ​មាន​ចំនួន​៦៦ មាន​ផ្ទៃដី​សរុប​ទំហំ ៧,២ លាន​ហិកតា ស្មើនឹង ៤១% នៃ​ផ្ទៃដី ទូទាំងប្រទេស​

​ភ្នំពេញ​៖ “​តាមរយៈ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន ការធ្វើកំណែទម្រង់​មុខងារ​អភិរក្ស និង​មុខងារ​អភិវឌ្ឍន៍ ជា​លទ្ធផល​រាជរដ្ឋាភិបាល​បាន​ពង្រីក​តំបន់ ការពារ​ធម្មជាតិ​រហូត​មកទល់ពេលនេះ​មាន​ចំនួន​៦៦ មាន​ផ្ទៃដី​សរុប​ទំហំ ៧,២ លាន​ហិកតា ស្មើនឹង ៤១% នៃ​ផ្ទៃដី ទូទាំងប្រទេស​” នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ស្តីពី «​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ក្រោម​ប្រធានបទ «​ជំរុញ​ផលិតកម្ម​អាហារ​នៅ​មូលដ្ឋាន​ដើម្បី​ទាក់ទាញ​ទេសចរ​» នៅ​ព្រឹក​ថ្ងៃ សុក្រ ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ។​

​ឯកឧត្តម បាន​បន្តថា នេះ​គឺជា​វេទិកា លើក ទី ១០ ក្រោម​ប្រធាន បទ​៖ « ជំរុញ​ផលិតកម្ម​អាហារ​នៅ​មូលដ្ឋាន ដើម្បី​ទាក់ទាញ​ទេសចរ​» ក្នុង​គោលបំណង (១)​ពិនិត្យ​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ បញ្ហា ប្រឈម និង​តម្រូវការ​នានា ការ គ្រប់គ្រង និង ប្រើប្រាស់​ធនធានធម្មជាតិ ដោយ និរន្តរភាព ពិសេស​គឺ​បញ្ហា​គ្រប់គ្រង​ដី​រដ្ឋ​ក្នុង​ដែន សមត្ថកិច្ច របស់ ក្រសួងបរិស្ថាន (២)​ចែករំលែក​បទ ពិសោធន៍​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម ក្នុង​ការផ្តល់​សេវាកម្ម ទេសចរណ៍ ក្នុង​កាលទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (៣)​ពង្រីក​សក្តានុពល និង ការរៀបចំ ផលិតផល​ទេសចរណ៍​នៅតាម​សហគមន៍​ពិសេស​ការលើកកម្ពស់​កា​រ​រៀបចំ​ម្ហូបអាហារ​នៅ​មូលដ្ឋាន​ឱ្យមាន​គុណភាព និង​សុវត្ថិភាព​ស្របតាម​ស្តង់ដារ (៤)​បង្កើន​ភាពជា​ម្ចាស់​របស់​សហគមន៍​មូលដ្ឋាន និង អ្នកពាក់ព័ន្ធ​នានា​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការងារ​អភិបាលកិច្ច​ធនធានធម្មជាតិ និង​ការទទួលខុសត្រូវ និង​(៥)​ពង្រឹង​កិច្ចសហការ​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ​។​

​ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ប​ច្ចុ​បុ្ប​ន្ន ខេត្តសៀមរាប​ពិតជា​មាន​មោទនភាព ដែលមាន​តំបន់ការពារធម្មជាតិ​ចំនួន ៨​កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ប្រមាណ ២៣៣,៦៨៨​ហិកតា ដែល​ក្នុងនោះ​រួមមាន​៖ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» (៣៧,៣៧៣​ហិកតា​) តំបន់ការពារទេសភាព​អង្គរ (១០,៨០០​ហិកតា​) តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប (៤,៨៧១ ហិកតា​) ដែនជម្រកសត្វព្រៃ​បឹង​ពែរ (៣៧,៤៦៩​ហិកតា​) ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព (៤២,៩០៣​ហិកតា​) ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក (១៧,៥៦៩​ហិកតា​) តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប (៧៧,៧០៣​ហិកតា​) និង​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ (​តំបន់​រ៉ា​ម​សារ ៥០,០០​ហិកតា​) ដែល​ទាំងនេះ​សបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​អំពី​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ ដ៏​សម្បូរបែប​របស់​ខេត្តសៀមរាប​។ ដោយឡែក ខេត្តសៀមរាប មាន​សហគមន៍​តំបន់ការពារធម្មជាតិ សរុប​ទាំងអស់​ចំនួន ១០​សហគមន៍ សហគមន៍​ព្រៃឈើ​ចំនួន ៥៣​សហគមន៍ និង​សហគមន៍​នេសាទ ២៣​សហគមន៍ ស្ថិតនៅក្នុង និង​នៅក្បែរ​តំបន់ការពារធម្មជាតិ​ទាំង​៨ ដែល​សហគមន៍​ទាំងអស់នេះ​បាន នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ទាំង​វប្បធម៌ និង​ធម្មជាតិ​។

​គួរ​បញ្ជាក់ថា នៅក្នុង​វេទិកា​នេះ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ចំនួន​២ គឺ ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​២០២០-២០៣៥ ដោយ​ឯកឧត្តម ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ និង​ការចែករំលែក​បទពិសោធ​រៀបចំ​ព្រឹត្តិការណ៍ និង​កញ្ចប់​សេវាកម្ម​ទេសចរណ៍ធម្មជាតិ ដោយ​ក្រុមហ៊ុន Cambodia Amazing Trip Planner ផងដែរ​៕​ដោយ​៖​កូ​ឡាប​

×