ប្រទេសចិនកាលពីថ្ងៃសុក្រម្សិលមិញ បាននិយាយថា ខ្លួនគាំទ្រដល់សេចក្តីសម្រេចចិត្តរបស់ទីក្រុងហុងកុង ក្នុងការពន្យារពេលបោះឆ្នោតរយៈពេល ១ឆ្នាំ ដោយសារតែបញ្ហាវីរុសកូរ៉ូណា។
ការប្រកាសពន្យារពេលបោះឆ្នោតនោះ ធ្វើឲ្យអ្នកគាំទ្រប្រជាធិបតេយ្យខឹងយ៉ាងខ្លាំង។
ការិយាល័យកិច្ចការហុងកុង និងម៉ាកាវ របស់ក្រុមប្រឹក្សារដ្ឋចិន បាននិយាយក្នុងសេចក្តីប្រកាសថា “ការពន្យារពេលជាការចាំបាច់ សមហេតុផល និងស្របច្បាប់”។
មេដឹកនាំហុងកុង អ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃសុក្រថា ការបោះឆ្នោតសម្រាប់ទីក្រុង នឹងធ្វើការពន្យារពេលចាប់ពីថ្ងៃទី ៦ ខែកញ្ញា ដោយសារតែការកើនឡើងនៃវីរុសកូរ៉ូណា។
ការបរិច្ឆេទថ្មីសម្រាប់ការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១។
អ្នកស្រីថ្លែងថា ការសម្រេចចិត្តនោះ ជាជម្រើសដ៏លំបាកបំផុត ដែលគាត់បានធ្វើក្នុងរយៈពេល ៧ខែចុងក្រោយ ប៉ុន្តែគាត់ថា វាមានគោលបំណងការពារសុខភាពរបស់ប្រជាពលរដ្ឋ។
អ្នកស្រីថា សេចក្តីសម្រេចចិត្តនោះ គាំទ្រដោយរដ្ឋាភិបាលមជ្ឈឹម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia