ភ្នំពេញ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូន មេខ្លោងបំពុលសង្គមរូបនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
សមត្ថកិច្ច បានចាប់ខ្លួន លោក រ៉ុង ឈុននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមចំពោះបញ្ហាព្រំដែនកម្ពុជា។
មុនពេលមានការឃាត់ខ្លួន លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយ រាល់ការបង្ហោះសេចក្តីថ្លែងការណ៍ បោកប្រាស់របស់ឈ្មោះ រ៉ុង ឈុន និងជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងផ្លូវច្បាប់។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែង ការណ៍របស់ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ផ្សាយព័ត៌មានមិនពិត និងបំផ្លើស ដោយបានចោទថា ” …ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីយួនជាច្រើនរយហិកតា ហើយបើគិតពីបន្ទាត់ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ ម៉ែត្រក្នុងដីកម្ពុជា…. ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនសេចក្តីថ្លែងការណ៍ នៅថ្ងៃ សុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ សូមប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែង ការណ៍របស់ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ផ្សាយព័ត៌មានមិនពិត និងបំផ្លើស នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយបានចោទថា ” …ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីយួនជាច្រើនរយហិកតា ហើយបើគិតពីបន្ទាត់ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ ម៉ែត្រក្នុងដីកម្ពុជា…. ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ និងថា អាជ្ញាធរយួនបានមកចូលរួមបណ្ដេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរយួនធ្វើមកលើពលរដ្ឋរង គ្រោះ… នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ” ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសបដិសេធចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចំការនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ បំផ្លើសពីការពិត និងមានការឃុបឃិតដោយ ចេតនាជាមួយជនខិលខូចដែលបានអះអាងថា ជាដីកេរដូនតារបស់ខ្លួនជាយូរមកហើយនោះ និងថា គណៈ កម្មាធិការព្រំដែនកម្ពុជា និងយួន បានស្នើសុំឲ្យពលរដ្ឋផ្អាកការបង្កបង្កើនផលលើដីនោះ ជាបណ្តោះអាសន្នសិន រង់ចាំការបោះបង្គោលរួចរាល់សិនទើបឲ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងបំភ្លៃការពិត ទាំងនេះ ៕ដោយ៖កូឡាប