Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​ទៀត , ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ​ទាំងអស់ បន្ត​ចូលរួម​សហការ និង​អនុវត្ត​នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​ថៃ​

​ភ្នំពេញ​៖ ស្ថានទូត​ព្រះរាជាណាចក្រ​ម​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ ថៃឡង់​ដ៍ បានចេញ​សេចក្តីជូនដំណឹង ស្តីពី រាជរដ្ឋាភិបាល​ថៃ ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រយៈពេល​១​ខែ​ទៀត ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​សហការ និង​អនុវត្ត​នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​ថៃ​។​

​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា​៖ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ បាន​ជម្រាបជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ថា រាជរដ្ឋាភិបាល​ថៃ បានប្រកាស​បន្ត​ដាក់​ប្រទេស ក្នុង​គ្រាអាសន្ន​១​ខែ​ទៀត ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​បន្ត​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ការពារ​ការ​ឆ្លង​ជំងឺ​នេះ ក្នុង​រលក​ទី​២ ដែល​អាច​នឹងមាន​ផលប៉ះពាល់​ខ្លាំង ដល់​សេដ្ឋកិច្ច និង​សង្គម​របស់​ថៃ​។​

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​សហការ និង​អនុវត្ត​នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​ថៃ ឲ្យ​បាន​ខ្ជាប់ខ្ជួន មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សូម​រក្សា​សុខភាព​អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ បន្តទៀត​៕​

ដោយ៖កូឡាប

×