ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០២០ នេះ ជំងឺគ្រុនឈីក បានកំពុងរាតត្បាតលើ ១២ ខេត្តហើយនៅប្រទេសកម្ពុជា ។ ដោយយោងទៅតាមរបាយការណ៍ដដែល គិតមកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ជំងឺគ្រុនឈីកបានកើតចំនួន ១,០២០ ករណី ក្នុងនោះ ស្ត្រីមានចំនួន ៥៦២ នាក់ ស្មើនឹង ៥៥ភាគរយ ។ អ្នកជំងឺភាគច្រើនសុទ្ធតែព្យាបាលជាសះស្បើយ ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ការផ្ទុះឡើងនៃជំងឺគ្រុនឈីកនៅកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ទាំងអស់ពី ស្ថានភាពជំងឺគ្រុនឈីកនៅកម្ពុជា ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាចាប់ តាំងពីខែកក្កដា ឆ្នាំ២០២០ ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈឺក (ជំងឺឈីកគន់ហ្គន់យ៉ា) ៖ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្ររបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺគ្រុនឈីក បានចាប់ផ្តើមកើត មានឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២០ ដែលគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ករណីឈឺជំងឺនេះមានចំនួន សរុប ១.០២០ ករណី ក្នុងនោះ ស្ត្រីមានចំនួន ៥៦២នាក់ (៥៥%)។ ចំនួនករណីជាង ៨០% គឺកើតមានក្នុងខេត្តចំនួន ៤៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀត រួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិន ដែលសរុបមកដល់ពេលនេះ មាន ខេត្តចំនួន ១២ ខេត្តហើយដែលមានកើតជំងឺគ្រុនឈីកនេះ។
លោកជំទាវ បានលើកឡើងបន្ថែមទៀតថា វិធានការការពារជំងឺគ្រុនឈើក (ជំងឺឈីកគន់ហ្គន់យ៉ា) គឺឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ៖ “ ការទប់ស្កាត់ និង ការការពារជំងឺគ្រុនឈីក (CHIK) នេះ គឺវាដូចនិងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារកុំឱ្យមូសខ្លាញីខាំ តាមរយៈការ លុបបំបាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូសនេះ។ ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈីក ដោយសារសត្វមូសខ្លាញីខាំ ឲ្យកាន់តែមានប្រសិទ្ធភាពនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្តល់អនុសាសន៍ និងធ្វើការណែនាំជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការចូលរួម និងចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស តាមរយៈការអនុវត្តន៍នូវវិធានការ ដូចខាងក្រោម៖
វិធានការទី១ ៖ អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសម្បកកង់ឡាន ម៉ូតូ សម្បកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឲ្យមាន របៀប ដើម្បីកុំឲ្យមានទឹកដក់។
វិធានការទី២ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ក្នុងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសម្លៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។
វិធានការទី៣ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និង ព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត ហើយសូមកុំ សាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺកុងសេវាឯក ជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឲ្យសោះ។
វិធានការ ទី៤ ៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាត់ចែងការផ្តល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈីក នៅក្នុងមន្ទីរពេទ្យឲ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណី ដែលមានអ្នកជំងឺច្រើនហួសសមត្ថភាព នៅក្នុងមន្ទីរពេទ្យណាមួយ ដោយមិនទុកឲ្យមានការយឺតយ៉ាវក្នុងការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ។
វិធានការទី៥ ៖ គ្រប់មន្ទីរសុខាភិបាលរាធានី -ខេត្តទាំង២៥ ជំរុញដោយមានកិច្ចសហការ ជាមួយផ្នែក ពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូអភិវឌ្ឍន៍នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីពិនិត្យ និងដាក់ចេញនូវវិធានការនានា ព្រមទាំងជំរុញធ្វើការផ្សព្វផ្សាយ សារអប់រំសុខភាពទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈីក និងចលនាឲ្យមានការគាំទ្រ ចូលរួមយ៉ាងសកម្ម និងទូលំទូលាយក្នុងការប្រយុទ្ធនឹងជំងឺនេះនៅក្នុងសហគមន៍ ។
ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់ស្ថាប័ន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរ ជាតិទាំងអស់ ចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមជាតិទាំងអស់ ចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ក៏ដូចជាជួយដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈីកនៅតាមសហគមន៍ដែលកំពុងផ្ទុះឡើងនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសផុតពីការរីករាតត្បាតពីការរាតត្បាតពីកន្លែងមួយទៅកន្លែងមួយទៀត។
ក្រសួងសុខាភិបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ អនុវត្តតាមវិធានការណែនាំខាងលើ និងសូម ប្រសិទ្ធិពរជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អទាំងអស់គ្នា ចៀសផុតពីការចម្លងជំងឺគ្រុនឈើក៕
ដោយ៖កូឡាប