ភ្នំពេញ ៖ យុវសិស្សសាលាជម្ពូវ័នម្នាក់ ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកូរ៉េ បើកកៀរកិនម៉ូតូហុងដាឌ្រីមសង់សេ១២៥ ក្នុងដំណើរស្របទិស កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ លន់ សៀងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលា រៀននៅថ្នាក់ទី៧ នៃវិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ក្បែរកន្លែងកើតហេតុ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1K-7116 បើកតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5449 បើកស្របទិស មកកៀរហើយកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង រីឯរថយន្តព្យាយាមបើករត់ បានជាង១គីឡូម៉ែត្រ ទើបកម្លាំងសមត្ថកិច្ចតាមចាប់ឃាត់បាន រួមទាំងអ្នកបើកបរ ។
តាមសម្តីអ្នកបើកបររថយន្ត ឈ្មោះ លួន ស៊ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្តដឹកទំនិញជួល មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះជិះប៉ះរថយន្តគេផ្សេង ហើយខ្ទាតចូលរថយន្តរបស់គាត់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ស្លាកស្នាមរួចហើយប្រគល់សាកសព ជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចជំនាញវាស់វែងរួច រួមទាំងអ្នកបើកបរផង នគរបាលយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងកសាងសំណុំរឿងទៅតាមផ្លូវច្បាប់៕ដោយ៖នូផាន់ណា