Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខែកក្កដា​ឆ្នាំនេះ ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន​១៥៧.២៦៩​គ្រឿង និង​ប្រមូល​ថវិកា​ពិន័យ​បាន​ចំនួន ជិត​៦០០​លាន​រៀល​

​ភ្នំពេញ​៖ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​បញ្ជាក់ថា ក្នុង​កក្កដា ឆ្នាំ​២០២០ បាន​ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន ១៥៧.២៦៩​គ្រឿង និង​ប្រមូល​ថវិកា​ពិន័យ​បាន​ចំនួន ៥៨៦.៦៩៥.០០០ រៀល នៃ​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤៦.៧៥២ គ្រឿង ស្មើនឹង ២៩,៧២%​។​

​នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ បាន​ដឹកនាំ​ការប្រជុំ​បូកសរុប​របាយ​ការណ៍ ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ប្រចាំ​ខែកក្កដា ឆ្នាំ​២០២០​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក អនុប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អចិន្ត្រៃយ៍ សមាជិក សមាជិកា​លេខាធិការដ្ឋាន និង​ប្រធាន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ទាំង ២៨​។

​តាម​របាយការណ៍​នៃ​ការអនុវត្ត​ការងារ​ក្នុង​ខែកក្កដា ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១៥៧ ២៦៩​គ្រឿង និង​ប្រមូល​ថវិការ​ពិន័យ​បាន​ចំនួន ៥៨៦ ៦៩៥ ០០០ រៀល នៃ​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤៦ ៧៥២ គ្រឿង ស្មើនឹង ២៩.៧២% ដែល​ក្នុងនោះ​៖ – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ៤៦ ៤៣២​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% – ១០% ចំនួន ១៧​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% ចំនួន ២១១​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% ៩២​គ្រឿង​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ជា​ប្រធាន​អង្គ​ប្រជុំបាន​កោតសរសើ​រ​ដល់​មន្ត្រី​តាម​ស្ថានីយ​ដែល​បាន ខិតខំ​អនុវត្ត​ការងារ និង​បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត ដោយ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ និង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​។ ក្នុងទិសដៅ​ការងារ​បន្ទាប់ ដើម្បី​ទប់ស្កាត់​រថយន្ត​ដែល​គេចវេស​មិន​ចូល​ស្ថានីយ និង​បើកបរ​តាមផ្លូវ​វាង​ផ្សេងៗ​ដែល​មិនមាន​ស្ថានីយ​ជញ្ជីង ឯកឧត្តម​បានអនុញ្ញាត​ឲ្យ​គ្រប់​ស្ថានីយ​ទាំងអស់ អាច​ចាប់​អូស​រថយន្ត​ណា​ដែល​បើក​គេច​ស្ថានីយ​ក្នុង​រង្វង់​ចម្ងាយ ៣ គីឡូ​ម៉ែត​មក​ថ្លឹង​ក្នុង​ស្ថានីយ​បាន និង​ជំរុញ​ឲ្យ​ក្រុម​ចល័ត​ក្រសួង​ចេញ​ប្រតិបត្តិការ​ឲ្យ​បាន​ឆាប់រហ័ស​។​

​ទន្ទឹមនឹងនេះ​ឯកឧត្តម ក៏​បានឱ្យ​សិក្សា និង​បង្កើត​ក្រុម​ប្រតិកម្ម​រហ័ស​សម្រាប់​ឆ្លើយតប និង​បន្សាប​ព័ត៌មាន​មិន​ពិត​ដែល​ប៉ះពាល់ ដល់​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ជំនាញ ៕​ដោយ​៖​កូ​ឡាប​

 

×