ខេត្តរតនគិរី ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសពីរនាក់ ដែលលួចសហាយស្មន់ជាមួយប្រពន្ធរបស់ជនល្មើស នៅស្រុកកូនមុំ ខេត្តរតនគិរី បានដោយជោគជ័យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ ដែលករណីឃាតកម្ម ស្ថិតនៅក្នុងក្រុមហ៊ុនហង័អាន់យ៉ាឡាយចំការចេក ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើក ការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។
ក្រោយទទួលបានបទបញ្ជានេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងនគរបាលខេត្តរតនគិរី, ត្បូងឃ្មុំ និងកម្លាំងនគរបាលខេត្ដក្រចេះ តាំងពីថ្ងៃកើតហេតុ រហូតចាប់ខ្លួនបានជនដៃដល់នៅចំណុចជាំភឹង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ (បងថ្លៃ ប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាក់ មានម្នាក់ជាសហាយស្មន់ជាមួយ ប្រពន្ធរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និងជនរងគ្រោះកំពុងដេកជាមួយគ្នា។ ជនរងគ្រោះទី១៖ឈ្មោះ បាក់ ណាន (សហាយជាមួយប្រពន្ធជនដៃដល់) និងទី២៖ឈ្មោះ គឹម សារឿន (បងថ្លៃ ឈ្មោះ បាក់ ណាន)។
បើតាមចម្លើយសារភាព ដោយចិត្តខឹងទ្រាំមិនបានប្រហែលម៉ោង៨យប់ ថ្ងៃកើតហេតុពេលជនរងគ្រោះ និងបងថ្លៃ កំពុងដើរឆ្លុះកង្កែប ខ្លួនបានជិះម៉ូតូទៅកាក់ពីមុខដើម្បីសួរនាំ ហើយក៏ដកកាំបិតចាក់ចំបំពង់កតែម្ដង។ ពេលនោះ បងថ្លៃរបស់ជនរងគ្រោះឃើញក៏រត់គេច ប៉ុន្ដែខ្លួនក៏ស្ទុះទៅចាក់ និងអារកបន្ថែមទៀត រហូតស្លាប់ទាំងពីរនាក់ នៅក្នុងថ្លុកឈាម។ ក្រោយធ្វើសកម្មភាព ខ្លួនបានរត់ទៅស្រុកកំណើត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងក្រុមហ៊ុនហង័អាន់យ៉ាឡាយចំការចេក ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ទើបមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកសម្លាប់នៅក្នុងចំការចេក ហើយកម្លាំងជំនាញបើកការ ស្រាវជ្រាវតែម្ដង។
បច្ចុប្បន្នជនដៃដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រគល់បន្ដឲ្យស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖កូឡាប