Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុង​ជួយ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​វៀតណាម កាត់ទោស​ប្រហារជីវិត ពីបទ​ជួញដូរ​គ្រឿងញៀន​៥​គីឡូ ចូល​ប្រទេស​វៀតណាម

​ភ្នំពេញ​៖ តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន វៀតណាម VNA បានចេញ​ផ្សាយ​ថា តុលាការ​ប្រជាជន​ខេត្ត​តៃនិញ ប្រទេស វៀតណាម បានសម្រេច​កាត់ទោស​ប្រហារជីវិត ស្ត្រី​ខ្មែរ​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន​កម្ពុជា – វៀតណាម នា សវនាការ កាលពី​ថ្ងៃទី ៣១ ខែកក្កដា ។​

ស្ត្រី​រូបនេះ​មានឈ្មោះ មៀ​ច ស្រី​នាង កើត​នៅ​ឆ្នាំ​១៩៩៣ រស់នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ប៉ូលិស​វៀតណាម​ចាប់ខ្លួន​នៅ​ព្រំដែន​អន្តរជាតិ បាវិត – ម៉ុក​បៃ នា​ច្រក​ខាង​ខេត្ត​តៃនិញ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ។ ក្រោយ​ឃាត់ខ្លួន ប៉ូលិស​វៀតណាម បាន​រកឃើញថា បាន ជួញដូរ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៥​កញ្ចប់ ទម្ងន់​ជិត ៥.០០០ ក្រាម ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា នៅក្នុង​សំណុំរឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​តុលាការ​វៀតណាម កាត់ទោស​ប្រហារជីវិត លើ​រូបនាង​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន មិនទាន់​បញ្ចប់​ត្រឹមនេះ​នៅឡើយ​ទេ ពោលគឺ​នៅសល់​ដំណាក់កាល​ជម្រះក្ដី​នៅ​ថ្នាក់​ឧទ្ធរណ៍​បន្តទៀត​។

​ដំណាក់កាល​ឧទ្ធរណ៍ គឺមាន​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រសួងយុត្តិធម៌​កម្ពុជា ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដីសម្រេច​រប​ស់​តុលាការ​ថ្នាក់ដំបូង​របស់​វៀតណាម ដែល​កាត់ទោស​ប្រហារជីវិត​ពីបទ​ជួញដូរ​គ្រឿងញៀន​។ មួយផ្នែក​នៃ​សំណុំរឿង​ស្ត្រី​ខ្មែរ​នេះ អាច​ប្រើ​យន្តការ​ផ្នែក​ច្បាប់​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​វៀតណាម គឺ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន និង​ផ្ទេរ​ទណ្ឌិត​។ ចំពោះ​ការធ្វើ​បត្យាប័ន នោះ​កម្ពុជា​នឹង​ស្នើសុំ​យកមក​ផ្ដន្ទាទោស និង​ដំណើរការ​ក្ដី​នៅ​កម្ពុជា​។ ចំណែក​ការផ្ទេរ​ទណ្ឌិត​វិញ សំដៅ​ដល់​ការប្រព្រឹត្ត​បទល្មើស​នៅ​វៀតណាម ហើយ​ទទួលបាន​ការកាត់ទោស​រួចរាល់ កម្ពុជា​អាច​ស្នើសុំ​ផ្ទេរ​ទណ្ឌិត មក​អនុវត្ត​ទោស​នៅ​កម្ពុជា​។ ដូច្នេះ​សំណុំរឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​តុលាការ​វៀតណាម កាត់ទោស​ប្រហារជីវិត លើ​រូបនាង​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន អាច​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ការផ្ទេរ​ទណ្ឌិត​។​

​ចំណែក​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានលើកឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ខ្ញុំ​គាំទ្រ​ឲ្យ​ក្រសួងយុត្តិធម៌​ខ្មែរ ស្នើសុំ​ភាគី​វៀតណាម យក​ស្ត្រី​ខ្មែរ​ជាប់ចោទ​នៅ​វៀតណាម​មក​កាត់ទោស​នៅ​ខ្មែរ​វិញ ដោយសារតែ​ប្រទេស​ខ្មែរ​យើង​ក៏​ធ្លាប់​បញ្ជូន​អ្នកទោស​បរទេស​ទៅ​ប្រទេស​ដើមកំណើត​គេ​វិញ​ផងដែរ​។ ក្នុងន័យនេះ ខ្ញុំ​មិន​គាំទ្រ​មនុស្ស​ធ្វើអំពើ​អាក្រក់​នោះទេ ប៉ុន្តែ​ខ្ញុំ​គាំទ្រ​ការអនុវត្តន៍​ច្បាប់​កម្ពុជា​លើ​ពលរដ្ឋ​ខ្មែរ​នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ប៉ុន្តែ​​បើ​ពលរដ្ឋ​ខ្មែរ​ណា​មាន​សញ្ជាតិ​គេ​ហើយ​នោះ​គឺជា​រឿង​ដោយឡែក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×