CASMOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានកំណត់យកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ខាងមុខឆាប់ៗនេះ ដើម្បីប្រារព្ធកម្មវិធីដ៏ធំមួយស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា តាមការគ្រោងទុកពិធីនេះនឹងត្រូវធ្វើឡើង នាវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ សីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ ចំពោះរបៀបវារៈសំខាន់ៗរួមមាន៖ ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា, របាំជូនពរ, សន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC, មតិសំណេះសំណាល និងការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់, ពិធីប្រកាសបេក្ខជន បេក្ខនារី ដែលជាម្ចាស់ជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជូនរង្វាន់លើកទឹកចិត្ត។ ចំណាប់អារម្មណ៍របស់ជ័យលាភី ការសម្តែងសិល្បៈ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ សន្ធឹកស្គរជ័យ។ ចំពោះបាវចនារបស់សីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE»។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕ ដោយ៖បញ្ញាស័ក្តិ