ភ្នំពេញ៖ ឯកឧត្តមពេជ្រ ស្រស់ ជាប្រធានបក្សនយោបាយមួយ តែងតែឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយមើលរំលងតម្លៃនៃនីតិរដ្ឋ ហើយបែរជាមកគាំទ្រទង្វើបំពានច្បាប់របស់លោក រ៉ុង ឈុន ថាជាសិទ្ធិបញ្ចេញមតិដែលចែងក្នុងរដ្ឋធម្មនុញ្ញទៅវិញ និងទាមទាររាជរដ្ឋាភិបាល ដោះលែងលោក រ៉ុង ឈុន ទៅវិញ។
ឯកឧត្តមពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងក្នុងផេកហ្វេសប៊ុកកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២០ថា “ទស្សនៈជាតិនិយម ការចាប់លោក រ៉ុង ឈុន ប្រៀបបានផ្តល់ការដូរឲ្យប្រទេសវៀតណាម ហើយកាន់តែធ្វើឲ្យខ្មែរ
មានការប្រេះឆាផ្ទៃក្នុងបន្ថែមទៀត បើទោះបីជា លោក រ៉ុង ឈុន និយាយលើស ឬគ្មានមូលដ្ឋានច្បាស់លាស់ក៏ពិតមែន ប៉ុន្តែភាគីរដ្ឋាភិបាលអាចចេញសេចក្តីថ្លែងការណ៍បដិសេធបានហើយ “។
ឯកឧត្តមបន្តថា “រដ្ឋាភិបាលគួរព្យាបាលរបួសចាស់ និង ថ្នមកុំឲ្យមានរបួសថ្មី គឺដើម្បីឲ្យខ្មែរគ្រប់ភាគីរស់សោយសុខ ក្រោមម្លប់ឆត្រនីតិរដ្ឋនិងរាជានិយម ហើយជាពិសេសរស់ក្រោមពាក្យស្លោក អរគុណសន្តិភាពដែលលោកនាយករដ្ឋមន្ត្រីបានដាក់ចេញ។ សូមដោះលែងលោក រ៉ុង ឈុន ដើម្បីខ្មែរគ្រប់ភាគីរឹងមាំ និងបង្ហាញនូវភាពខ្លាំងខ្មែរតែមួយ ។ ចំពោះរឿងទឹកដី គឺជារឿងខ្មែរគ្រប់ភាគី ហើយបើនិយាយលើសលួសគួរបង្រួមឲ្យខ្លី ដោយកុំពង្រីកឲ្យវែង”។
ចំណែកផេកហ្វេសប៊ុកសំឡេងសន្តិភាព Voice Of Peace កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២០ បានលើកឡើងថា “តើឯកឧត្តម ពេជ្រ ស្រស់ និង រ៉ុង ឈុន ជាមនុស្សប្រភេទណា? ឯកឧត្តម ពេជ្រ ស្រស់ អាចចង់បានប្រជាប្រិយ៍ភាពជ្រុលហួសហេតុពេក ដោយមិនខ្វល់ពីប្រទេសជាតិច្របូកច្របល់ ដោយសារសកម្មភាពញុះញង់ បំផ្លើសព័ត៌មានរឿងព្រំដែន និងប៉ះពាល់ដល់សន្តិសុខជាតិនោះទេឬអ្វី?”។
ប្រភពដដែល បានបន្តថា រាជរដ្ឋាភិបាលបានដឹកនាំ និងទទួលភារកិច្ចធ្វើកិច្ចការងារបោះបង្គោល និងខណ្ឌសីមាព្រំដែន ជាមួយប្រទេសជិតខាង ដោយផ្អែកលើគោលការណ៍ច្បាប់ ផែនទីផ្លូវការ និងសុទ្ធតែជាអ្នកមានបច្ចេកទេសជំនាញ ខណៈដែល ឯកឧត្តម ពេជ្រ ស្រស់ និងលោក រ៉ុង ឈុន មិនមែនជាអ្នកជំនាញរឿងព្រំដែនទេ។ ឯកឧត្តម ពេជ្រ ស្រស់ ជាប្រធានបក្សនយោបាយមួយ តែងតែឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយមើលរំលងតម្លៃនៃនីតិរដ្ឋ ហើយបែរជាមកគាំទ្រទង្វើបំពានច្បាប់របស់លោក រ៉ុង ឈុន ថាជាសិទ្ធិបញ្ចេញមតិដែលចែងក្នុងរដ្ឋធម្មនុញ្ញទៅវិញ។
លោក រ៉ុង ឈុន ជាអាយ៉ងនយោបាយបំរើឱ្យក្រុមចលនាឧទ្ទាម ដែលមានគោលដៅច្បាស់លាស់ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ញុះញង់ និងប៉ុនប៉ងបង្កចលាចលសង្គម ។ លោក រ៉ុង ឈុន មិនបានសហការផ្តល់ព័ត៌មានដែលខ្លួនគិតថា កម្ពុជាបាត់បង់ទឹកដីនោះឱ្យទៅរដ្ឋាភិបាល ឬជូនទៅគណៈកម្មាធិការកិច្ចការចម្រុះព្រំដែននោះទេ គឺបែរជាយកព័ត៌មានតាមការអះអាងរបស់ប្រជាពលរដ្ឋ ដែលមិនមានមូលដ្ឋានច្បាស់លាស់ ទៅចេញសេចក្តីថ្លែងការណ៍បង្ហោះផ្សព្វផ្សាយ និងចាត់ទុកថាជាព័ត៌មានពិត។
ទង្វើរបស់ ឯកឧត្តម ពេជ្រ ស្រស់ និងលោក រ៉ុង ឈុន រួមទាំងអ្នកតវ៉ាទាមទារអំពីសិទ្ធិសេរីភាពបញ្ចេញមតិ និងក្អេងក្អាងថា ពួកខ្លួនជាអ្នកស្រឡាញ់ជាតិ ការពារទឹកដីនោះ តើគិតថា រដ្ឋាភិបាលសព្វថ្ងៃក្បត់ជាតិ និងមិនចេះស្រឡាញ់ ការពារបូរណភាព អធិបតេយ្យជាតិមែនឬ?
ថា លោក រ៉ុង ឈុន ទៅចុះផ្កាប់មុខប្រឆាំងរដ្ឋាភិបាលទៅហើយ ចុះ ឯកឧត្តម ពេជ្រ ស្រស់ ជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិពិគ្រោះ និងផ្តល់យោបល់ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវឯកសារ និងប្រមូលភស្តុតាងឱ្យបានច្បាស់លាស់ជូនទៅសម្តេចតេជោ ហ៊ុន សែន បាននោះ ហេតុអ្វីក៏ចេញមុខមកអត្ថាធិប្បាយ ចោទប្រកាន់ថា ចំណាត់វិធានការផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចទៅលើ លោក រ៉ុង ឈុន ថា បំបិទសិទ្ធិប្រជាពលរដ្ឋ និងមិនបានគិតពីនីតិរដ្ឋទៅវិញ។ កុំអួតក្អេងក្អាង ច្រង៉េងច្រង៉ាងពេក ប្រយ័ត្នដូច វីលៀមហ្គ័ង។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ (ព្រៃស) នៅម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី១ សីហា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី។
លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការ តាមនីតិវិធី។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និងបានសម្រេចចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសាកសួរ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។
មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម បានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។
ភ្លាមៗ បន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកថាការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ចោទថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាព មិនប្រក្រតីច្រើនធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីវៀតណាមជាច្រើនហិកតា ហើយបើគិតពីបន្ទាប់ព្រំដែនចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល ៥០០ម៉ែត្រក្នុងដីកម្ពុជា។ លោកថា ខ្សែបន្ទាត់ព្រំដែន ចេះតែ រំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ ៕
ដោយ៖បញ្ញាស័ក្តិ