ភ្នំពេញ៖ លោកសួន វិសាល ប្រធានមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស ដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង។
លោកមេធាវី សួន វិសាល ជាប្រធានគណៈមេធាវីអាណត្តិទី ១២ បានឃើញបណ្តឹងតវ៉ា ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ របស់លោកមេធាវី ឡាច សំរោង – យោងតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី នាសម័យប្រជុំថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ គឺសម្រេច យល់ស្របលើអង្គហេតុ និងហេតុផលដូចបានបញ្ជាក់ក្នុងសេចក្តីសម្រេចលេខ000៤ សស.តវវ២០. ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មការវិន័យនៃក្រុមប្រឹក្សាគណៈមេធាវី ។ ទំនាក់ទំនងរវាងមេធាវី និង អតិថិជនគឺជាទំនាក់ទំនងតាមកិច្ចសន្យាហើយមេធាវីបំពេញកិច្ចការណាមួយក្នុងនាមអតិថិជនបានលុះត្រាតែ កិច្ចការនោះមានកំណត់ក្នុងកិច្ចសន្យា ឬមានការយល់ព្រមពីអតិថិជន ។ ទោះបីជាមេធាវីជាម្ចាស់នៃមធ្យោបាយ ការពារក្តីក៏ដោយ ក៏មេធាវីត្រូវតែគោរពសេរីភាព និងឆន្ទៈរបស់អតិថិជនដែរ ។ មេធាវីត្រូវព្យាយាមរក្សា ទំនាក់ទំនងល្អជាមួយអតិថិជន និងព្យាយាមបញ្ចៀសជម្លោះជាមួយអតិថិជន ។ ប៉ុន្តែក្នុងករណីនេះ លោក មេធាវី ឡាច សំរោង បែរជាដកប្រាក់ដែលអតិថិជនប្រគល់ឱ្យសម្រាប់យកទិញដីពីរប្លង់ពីតុលាការអនុវត្ត ទៅប្រើប្រាស់ក្នុងករណីផ្សេងដោយ ពុំមានកំណត់ក្នុងកិច្ចសន្យា ឬពុំមានការយល់ព្រមពីអតិថិជនទៅវិញ ។ អំពើនេះល្មើសនឹងមាត្រា ១៨ មាត្រា ២៣ និងមាត្រា ២៨ នៃក្រមសីលធម៌មេធាវី ។
ក្រុមប្រឹក្សាគណៈមេធាវី នឹងធ្វើការសម្រេចដូចខាងក្រោម៖ ១.ដាក់ទណ្ឌកម្មវិន័យហាមឃាត់ភាគីឆ្លើយតបឈ្មោះមេធាវី ឡាច សំរោង អត្តលេខ ៧៤៩ មិនឱ្យប្រកប វិជ្ជាជីវៈមេធាវីចំនួន ៦ (ប្រាំមួយ ) ខែ ស្របតាមមាត្រា ៥៩ និងមាត្រា ៦៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។ ក្នុងរយៈពេលហាមឃាត់ការប្រកបវិជ្ជាជីវៈនេះ៖ លោកមេធាវី ឡាច សំរោង នៅតែមានកាតព្វកិច្ចបង់ភាគទាន និងគោរពតាមវិធានវិជ្ជាជីវៈមេធាវីដដែល ។
២. ភាគីឆ្លើយតបត្រូវប្រគល់ប្រាក់ចំនួន ២៦០ ០០០ (ពីររយហុកសិបពាន់) ដុល្លារអាមេរិក ឱ្យទៅភាគី ទាមទារវិញ ។
៣. ច្រានចោលការទាមទារសំណងជំងឺចិត្តដោយភាគីទាមទារ ។
៤.លោកមេធាវី ឡាច សំរោង ត្រូវផ្តល់ឈ្មោះមេធាវីដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ម្នាក់មកគណៈមេធាវីក្នុងរយៈពេលមិនលើសពីមួយសប្តាហ៍ គិតចាប់ពីថ្ងៃបានទទួលសេចក្តីសម្រេចនេះ៖ ដើម្បី គ្រប់គ្រងការិយាល័យមេធាវីជំនួសក្នុងរយៈពេលហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីនេះ ។ បើពុំបានបញ្ជូន ឈ្មោះមេធាវីដែលត្រូវជំនួសក្នុងរយៈពេលកំណត់នេះទេ គណៈមេធាវីនឹងចាត់តាំងមេធាវីម្នាក់ដើម្បីគ្រប់គ្រង ការិយាល័យមេធាវីជំនួស ស្របតាមមាត្រា ៧៥ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។
សេចក្តីសម្រេចនេត្រូវផ្សាយជាសាធារណៈ ។ បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេត្រូវទុកជានិរាករណ៍ ៕ ដោយ៖កូឡាប