រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន ថ្លែងថាលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ សម្រេចបាន ៤២៦ ០៧៣ តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨,៣៣% ដែលធៀបទៅនឹងរយៈ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣ តោន ។
ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ២៨ ៤១៣ តោន កើនឡើងចំនួន ១ ៩៣៨ តោន ស្មើនឹង ៧,៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨ ៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩ ២០៨ តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨,៤១ តោន ។
លោកបន្តថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៦ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
បើលោក វេងសាខុន ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៣៧,៧០%, ប្រទេសចិនកើនចំនួន ២៥,៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤,០៣%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧២,៤០% ។ យ៉ាងណាមិញ ការនាំចេញស្រូវនៅតាមច្រកតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២០ មានចំនួនជាង ១,១១៥ លានតោន ៕
ដោយ៖CEN