Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ កម្ពុជា​កំពុង​បោះជំហាន​ទៅ សម្រេច​គោលដៅ ៩៥-៩៥-៩៥

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែសីហា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​៨:០០​ព្រឹក នៅ សណ្ឋាគារ​ភ្នំពេញ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សហការ ជាមួយ​អង្គការ​HP+ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការធ្វើ​កិច្ចសន្យា​សង្គម សម្រាប់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។

​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក អ្នកស្រី នាង​កញ្ញា ជា​តំណាង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល អង្គការ​UNAIDS, USAID, PEPFAR, HP+ ព្រមទាំង​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ អន្តរជាតិ ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សរុប​ចំនួន​៥០​នាក់​។​

​មាន​ចំណាប់អារម្មណ៍​តាម​វីដេអូរ​ខន​ហ្វឺ​រេ​ន​នៅក្នុង​ពិធី​បើក លោក​បណ្ឌិត ច​ន អែ​ស៍ (Dr. John Eyres) ប្រធានការិយាល័យ សុខភាព​សាធារណៈ និង​អប់រំ​នៃ​ទី​ភ្នា​ក់​សហរដ្ឋអាមេរិក​សម្រាប់​ការ អភិវឌ្ឍ​អន្តរជាតិ​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេសមួយ​ចំនួន​តូច​ដែល បានសម្រេច​គោលដៅ​៩០-៩០-៩០ និង​កំពុង​បោះជំហាន​ទៅ សម្រេច​គោលដៅ ៩៥-៩៥-៩៥​។ ជាមួយគ្នានេះ អង្គការ​សង្គម ស៊ីវិល​ត្រូវ​បានផ្តល់​ហិរញ្ញវត្ថុ​ពី​ខាងក្រៅ​ឱ្យធ្វើ​ការងារ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ លោក​ក៏បាន​មាន​ចំណាប់អារម្មណ៍​ជា​ចុងក្រោយ​ថា កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​លុបបំបាត់ មេរោគ​អេដស៍​។​

​បន្ទាប់មក លោកស្រី​បណ្ឌិត វ្លា​ដាន​កា អ៊ែន​ឌ្រី​វ៉ា (Vladanka Andreeva)​នាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អេដស៍​អង្គការសហប្រជាជាតិ បាន​ថ្លែង​នូវ​ចំណាប់អារម្មណ៍​ថា កម្ពុជា​មិន​ត្រឹមតែ​ជា​ប្រទេស ដំបូង​មួយ​ក្នុងចំណោម​ប្រទេស​ដែល​សម្រេចបាន​គោលដៅ ៩០-៩០-៩០ ប៉ុណ្ណោះ​ទេ ហើយក៏​ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក ដែល​បានរៀបចំ​ផែនទី​បង្ហាញផ្លូវ​ទៅរក​ចីរភាព​ក្នុងការ បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥​ផងដែរ​។ ចំណុច​មួយ​នៃ​ផែនទី​បង្ហាញផ្លូវ នោះ​គឺ​ការផ្តល់​ការគាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ប្រកបដោយ​ចីរភាព​។​

​នៅក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា នៅក្នុង​រយៈពេល​ជាង​បី​ទសវត្សរ៍​កន្លងមកនេះ ប្រទេស​កម្ពុជា​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការផ្តល់​ថវិកា​ពី​ខាងក្រៅ​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ ឧទាហរណ៍ នៅ​ឆ្នាំ ២០១៧ ក្នុង​ថវិកា​៣៤,៤​លាន​ដុល្លារ​អាមេរិក​នៃ​ការចំណាយ​សរុប សម្រាប់​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ មាន​ថវិកាជាតិ​តែ ៨,៣​លាន​ដុល្លារ​អាមេរិក ឬ​២៤%​ប៉ុណ្ណោះ​។ របាយការណ៍ វាយតម្លៃ​ការចំណាយ​សរុប​លើ​ការងារ​អេដស៍​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៧ (National Spending Assessment, NASA) នេះ​ក៏បាន បង្ហាញថា អង្គការ​សង្គម ស៊ីវិល​បានទទួល​ថវិកា​ចំនួន​ជិត​១១​លាន ដុល្លារ ដែល​ស្ទើរតែ​ទាំងអស់​ជា​ហិរញ្ញប្បទាន​ក្រៅប្រទេស​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​នឹង ជំងឺអេដស៍​នៅ​កម្ពុជា​គឺ​ដោយសារ ម​គ្គុ​ទ្ទេស៍ភាព ភាពជា​ដៃគូ និង ការវិនិយោគ​។ រាជរដ្ឋាភិបាល​បានចាប់ផ្តើម​បោះទុន ជាង​១១​លាន ដុល្លារ​សម្រាប់​រយៈ​៣​ឆ្នាំ​ខាងមុខ​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ នេះ​ជា​គោលបំណង​ដ៏​មោះមុត​ក្នុងការ​បញ្ចប់​ជំងឺ អេដស៍​នៅ​កម្ពុជា​។ ជាមួយគ្នានេះ យើង​នៅតែ​ត្រូវការ​ជំនួយ​ពី អន្តរជាតិ​។ ដោយសារ​ការគាបសង្កត់​របស់​កូ​វីដ​-១៩ យើង​មិន​សង្ឃឹម ថា​នឹងមាន​ថវិកាជាតិ​ផ្តល់ជូន​អង្គការ​សង្គម​ស៊ីវិល​នៅ​ឆ្នាំ​២០២១ និង ២០២២​នោះទេ​។ ប៉ុន្តែ​យើង​ជួបពិភាក្សា​នៅថ្ងៃនេះ ដើម្បី​គិតគូរ​ពី ឥឡូវ​ទាក់ទង​នឹង​ការផ្តល់​ថវិកា​ដល់​អង្គ​ការ​សង្គម​ស៊ីវិល ដោយ​មិន​រង់ចាំ​ថា​នៅពេលដែល​មិនមាន​ការគាំទ្រ​ថវិកា​ពី​ខាងក្រៅ​ទើប​ធ្វើការ គិតគូរ​នោះឡើយ​។

​នៅ​ទីបញ្ចប់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការប្រជុំ នៅថ្ងៃនេះ គឺ​ចង់បាន​ធាតុ​ចូល​បន្ថែម​។ យើង​ត្រូវ​ពិនិត្យ​មើលថា តើ ការធ្វើ​កិច្ចសន្យា​សង្គម​មាន​ប្រទាំង​ប្រទើស​ជាមួយ​បទ​ប្បញ្ញត្តិ​ដែល មាន​ស្រាប់​ឬទេ​? ដើម្បី​យកមក​ពិចារណា​ថា​នៅពេលណា​ដែល មិនមាន​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​ពី​ខាងក្រៅ នោះ​យើង​បាន​ត្រៀម​រួច ជាស្រេច​។ បើ​យើង​មានការ​គិតគូរ​ពី​ឥឡូវ និង​រួមគ្នា​ទប់ស្កាត់ ការរីក​រាលដាល​មេរោគ​អេដស៍​កុំឱ្យ​ករណី​ឆ្លង​ថ្មី​លើសពី​៣៦០​នាក់​ក្នុង​មួយឆ្នាំ នោះ​យើង​នឹង​ទទួលបាន​ជោគជ័យ​ឈានទៅ​លុបបំបាត់​អេដស៍​៕ ដោយ​៖​កូ​ឡាប​


×