Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ណែនាំ​ឲ្យ អាជ្ញាធរ​និង​មន្ទីរជំនាញ សម្អាត​មហាវិថី​ឈ្នះ​ឈ្នះ ឱ្យបាន​ស្អាត​ជាប្រចាំ មាន​បរិស្ថាន​ល្អ ជាមួយនឹង​ការ​ទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បានល្អ​

​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ធ្វើការ​សម្អាត​មហាវិថី​ឈ្នះ​ឈ្នះ​ឱ្យបាន​ស្អាត​ជាប្រចាំ ឲ្យ​មាន​បរិស្ថាន​ល្អប្រសើរ ជាមួយនឹង​ការ​ទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ស្អាត ហើយ​ដើមឈើ​នៅតាម​មហាវិថី​នេះ ក៏ត្រូវ​តែ​កាត់​លះ​មេឃ​ឲ្យ​បាន​ស្អាត​ផងដែរ ។​

​ការណែនាំ​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០​នេះ លោក បាន​ដឹកនាំ​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន ចុះ​ត្រួត​ពិនិត្យមើល​វិមាន​ឈ្នះ​ឈ្នះ និង​

​តាម​បណ្ដោយ​វិថី​មហាវិថី​ឈ្នះ​ឈ្នះ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តាម​បណ្ដោយ​មហាវិថី​នេះ មាន​បរិស្ថាន​ល្អ មិនមាន​ធូលី​ដី និង​មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា នៅតាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វា​ឃើញថា មាន​ធូលី​ដី ដក់​ទឹក​នៅតាម​ចិញ្ចើមផ្លូវ​ជាមួយនឹង​ភក់ជ្រាំ​។ ជាង​នេះ​ទៅ​

​ទៀត បញ្ហា​ការ​ទុកដាក់​សំរាម ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ ។ លោក​អភិបាល បានស្នើ​ដល់​អាជ្ញាធរ ធ្វើយ៉ាងណា​ចុះ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ដែល​លក់ដូរ​នៅតាម​ចិញ្ចើម​មហាវិថី​នេះ ត្រូវ​សម្អាត​ទីតាំង​លក់ដូរ​របស់ខ្លួន​ឲ្យ​បានល្អ ដោយ​ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ធ្វើយ៉ាងណា​ឱ្យ​តំបន់​នេះ​មាន​អនាម័យ បរិស្ថាន​ល្អ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា ខណៈដែល​ជំងឺ​នេះ​បាននិងកំពុង​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោក ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​កំពុងតែ​ប្រឈម​ដែរនោះ​។​

ក្រៅពី​បញ្ហា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​សម្អាត​ធូលី​ដី ភក់​នៅលើ​បណ្ដោយ​ផ្លូវ​នេះ​ឱ្យបាន​ស្អាត ជាមួយនឹង​ការប្រើ​គ្រឿងចក្រ​កៀ​ទឹក​ដក់​នៅតាម​បណ្តោយ​ផ្លូវ​នេះ​ឲ្យ​បាន​ស្អាត​។ លោក​បន្តថា ចំពោះ​មន្ទីរ​បរិស្ថាន និង​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​ទទួលខុសត្រូវ​មើលថែ​ដើមឈើ​ជាប្រចាំ ពោលគឺ បើ​ដើមឈើ​ដែល​ត្រូវ​លះ​មែកឈើ គឺ​ត្រូវ​លះ​មែក​ចេញ​ឲ្យ​បាន​ស្អាត តែបើ​ដើមឈើ​ដែល​ងាប់ ក៏ត្រូវ​គាស់​ចេញ​និង​ដាំ​បន្ថែម​ផងដែរ​៕

ដោយ​៖​កូ​ឡាប​

×