ខេត្តស្វាយរៀង ៖ លោក ប៉ុក ម៉ាន់នី អនុរដ្ឋរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមបើកកញ្ចប់វត្ថុតាងគ្រឿងញៀន នៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីត្រៀមដុតបំផ្លាញចោលនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតក្រោមអធិបតីភាព លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ពិធីនេះក៏មានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង លោក លោកស្រីអភិបាលរងខេត្ត ព្រះរាជអាជ្ញាព្រះរាជអាជ្ញារងទាំង៤ខេត្ត ព្រមទាំងសមត្ថកិច្ចជំនាញគ្រឿងញៀនជាច្រើនរូបផងដែរ។
លោក ប៉ុក ម៉ាន់នី បានមានប្រសាសន៍ឲ្យដឹងថា រយៈកាលកន្លងមក ប្រជាពលរដ្ឋមួយចំនួនតែងតែមានការងឿងឆ្ងល់ និងសួរថា សមត្ថកិច្ច ក្រោយប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរួចវត្ថុតាងបញ្ជូនទៅណា ? យកទៅណា ? តើពេលណាគេធ្វើពិធីដុតកម្ទេច ចោល ? ជាក់ស្ដែង សម្រាប់ខេត្តស្វាយរៀងជាលើកទី ២ហើយ ដែលអាជ្ញាធរពាក់ព័ន្ធ ធ្វើពិធីដុតកម្ទេចចោលគ្រឿងញៀនទាំងអស់នេះ។
លោកបានបន្តថា កម្មវិធីដុតបំផ្លាញគ្រឿងញៀនទាំងអស់នេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអនុវត្តន៍ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យមានទិវាថ្ងៃ ២៦ ខែមិថុនា គឺជាទិវាប្រារព្ធឡើងដើម្បីដុតបំផ្លាញគ្រឿងញៀន ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។ កន្លងមក អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតគ្រឿងញៀនផង និងក្រសួងយុត្តិធម៌ ក៏បានដុតបំផ្លាញគ្រឿងញៀនចោលផងដែរ។ ប៉ុន្តែកាតព្វកិច្ចទាំងនេះ ដោយយល់ឃើញថា មានការចាំបាច់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីដុតបំផ្លាញគ្រឿងញៀននៅពេលតែមួយគឺជៀសវាងការប្រព្រឹត្តអនុវត្តន៍ ច្រើនដងដែលនាំឲ្យមានការលំបាកដល់ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេសដែលក្នុងការរក្សាទុកវត្ថុតាងគ្រឿងញៀនទាំងអស់នេះ។
សូមបញ្ជាក់ថាគ្រឿងញៀន និងវត្ថុតាងដែលត្រូវដុតបំផ្លាញចោលមាន៤ខេត្ត គឺខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្មើរ និង៥២២សំណុំរឿង ក្នុងនោះគ្រឿងញៀន៣៦Kg.៨៣៤,២៩g សារធាតុគីមី២.២៦៨,៨៩g កញ្ឆា៨,៩៦g៕ ដោយ៖វ៉ៃកូ