ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅយប់ថ្ងៃទី 3 ខែសីហាឆ្នាំ 2020 បានថ្លែងសារនៅលើបណ្ដាញសង្គមតេឡេក្រាមប្រាប់អ្នកសារព័ត៌មានថា អ្នកធ្វេីចត្តាឡីស័ករត់ ០២នាក់នៅព្រៃវែងនោះ រកឃេីញហេីយបាននាំមកកន្លែងចត្តាឡីស័កវិញរួចហេីយដែរ។
មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចស្រាវជ្រាវ នាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញហើយ។
មនុស្សទាំង២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ ពួកគេទាំងពីរនាក់ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាច ពេលកំពុងរៀបភ្លៀង។
មនុស្សទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។
គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកជំងឺសរុប២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស១៩៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៩៧នាក់ (ស្រី ៤៣នាក់ និងបុរស១៥៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៤១នាក់ និងអ្នកសម្រាកព្យាបាល នៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់៕ ដោយ៖កូឡាប