ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមអនុវត្តច្បាប់ ដោយហាមប្រាមមិនឲ្យមានការជក់បារី និងពង្រាយ នៅលើឆ្នេរសមុទ្រសំខាន់ៗ ចំនួន ២៤កន្លែង ក្នុង ១៥ខេត្ត។ នេះបើតាមការឲ្យដឹងរបស់ក្រសួងបរិស្ថាន និងធនធានធម្មជាតិ។
ការចេញច្បាប់ហាមជក់បារីលើឆ្នេរសមុទ្រនេះ គឺដោយសារមានការព្រួយបារម្ភពីបញ្ហាបរិស្ថាននៅលើឆ្នេរសមុទ្រសំខាន់ៗក្នុងប្រទេសនេះ។
ប្រទេសថៃបានក្លាយជាគោលដៅទេសចរណ៏ដ៏សំខាន់មួយរបស់ពិភពលោក អស់រយៈពេលជាច្រើនទសវត្សន៏មកហើយ និងនៅពេលបច្ចុប្បន្ន ថៃក្លាយជាតំបន់ទេសចរណ៏សំខាន់សំរាប់ភ្ញៀវទេសចរចិន។ នៅក្នុងឆ្នាំ ២០១៨នេះ ប្រទេសតំបន់អាស៊ីអាគ្នេយ៏មួយនេះ រំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៏ជាង ៣៧លាននាក់។
ចំពោះជនណាដែលល្មើសច្បាប់នេះ អាចនឹងប្រឈមការជាប់គុករយៈពេលមួយឆ្នាំ ឬក៏ត្រូវពិន័យជាប្រាក់ ១០០.០០០ បាត (៣.១៩០ដុល្លាអាមេរិច)។ ប្រទេសថៃមានឆ្នេរសមុទ្រសរុបទាំងអស់ចំនួន ៣៥៧ទូទាំងប្រទេស៕ សុភ័ក្ត្រ