ភ្នំពេញ៖ ដោយផ្អែកលើរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបចំនួន ១.៥៦៣ ប៊ីលានរៀល (៣៨២ លានដុល្លារអាមេរិក) ដែលកើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ២៥៦ ប៊ីលានរៀល (៦២,៤៨ លានដុល្លារអាមេរិក) ក្នុងនោះរាប់បញ្ចូលទាំងចំណូលលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ដែលតួលេខចំណូលនេះ ធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសទី២ នៃឆ្នាំមុន ។ សម្រាប់រយៈពេលឆមាសទី១ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ៥៣១ ប៊ីលានរៀល (១២៩,៣៩ លានដុល្លារអាមេរិក) ដែលកើនឡើង ០,២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅមិញ ។
ក្នុងគោលបំណងធានានិរន្តរភាពនៃប្រតិបត្តិការនិងផលិតកម្មរបស់ក្រុមហ៊ុន នៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩ អេសស៊ីជី បានបន្តដាក់ចេញនិងអនុវត្តពេញទំហឹង នូវផែនការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ។ ជាងនេះទៅទៀត ការការពារសុខភាពនិងសុខុមាលភាពរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺជាអាទិភាពសំខាន់បំផុតរបស់ក្រុមហ៊ុន នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នេះ ហើយរបៀបធ្វើការបែបថ្មីមួយ ហៅថា “កន្លែងធ្វើការបែបកូនកាត់” ដែលបុគ្គលិកអាចជ្រើសរើសធ្វើការនៅក្នុងការិយាល័យ ធ្វើការពីផ្ទះ ឬធ្វើការពីទីណាក៏បាន ដែលក្រុមហ៊ុនគិតថាមានសុវត្ថិភាព និងការណែនាំអំពីការរក្សាគម្លាតរាងកាយ ត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងប្រទេសកម្ពុជា។ របៀបធ្វើការបែបថ្មីនេះ ផ្ដល់នូវភាពបត់បែនកាន់តែប្រសើរឡើងថែមទៀតដល់បុគ្គលិក និងជួយគាំទ្រដល់ពួកគេឲ្យអាចធ្វើការកាន់តែមានផាសុកភាពថែមទៀត ។
សេដ្ឋកិច្ចប្រទេសកម្ពុជាបន្តរងនូវផលប៉ះពាល់ ដោយសារការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ និងប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ដើម្បីចាប់យកឱកាសទីផ្សារ និងផ្ដល់នូវសេវាកម្មដែលបំពេញតម្រូវការរបស់អតិថិជនក្នុងអំឡុងពេលកូវីដ១៩ ក្រុមហ៊ុនបានចរាចរផលិតផលថ្មីមួយនៅក្នុងទីផ្សារ គឺ ក្បឿងខៀវការ៉ាត់ ជាផលិតផលដែលកើតចេញពីបញ្ហានិងតម្រូវការរបស់អតិថិជន ទាក់ទងនឹងការរចនានិងតម្លៃ ។ ក្បឿងប្រក់ដំបូលប្រភេទទំនើបថ្មីនេះ មានពណ៌ភ្លឺចិញ្ចាចដែលធ្វើឲ្យដំបូលផ្ទះរបស់អតិថិជនមានពន្លឺភ្លឺចាំងស្អាត និងបង្ហាញនូវអត្តសញ្ញាណរបស់ពួកគេ ហើយក្បឿងនេះផលិតដោយប្រើបច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យវាជាប់បានយូរស្របទៅតាមស្តង់ដារ ISO 9001: 2015 ។
ជាមួយគ្នានេះ ផលិតផលបេតុងបាវក៏ត្រូវបានបញ្ចេញទៅក្នុងទីផ្សារ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននៅក្នុងគម្រោងសាងសង់របស់ពួកគេ ។ បេតុងបាវថ្មីនេះជំនួសឲ្យវិធីលាយបេតុងបែបប្រពៃណី ដែលនាំឲ្យទាំងម្ចាស់ផ្ទះ និងទាំងជាងសំណង់ចំណេញទាំងពលកម្ម និងទាំងពេលវេលា ។
លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ អេសស៊ីជី បាននិយាយថា “ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ទោះបី អេសស៊ីជី មិនស្ថិតក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូច វិស័យទេសចរណ៍ ឬអាកាសចរណ៍ក្ដី ក្រុមហ៊ុនបានធ្វើការតាមដាននិងវាយតម្លៃស្ថានការណ៍ជាប់ជាប្រចាំ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បាននៅក្នុងបរិយាកាសមួយដែលពោរពេញទៅដោយភាពមិនច្បាស់លាស់ ។
អេសស៊ីជី បានដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មថ្មីៗមួយចំនួន ដូចជា ត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់បំផុត ដោយបង្កើតនូវផែនការលក់ និងការរៀបចំការដឹកជញ្ជូនសម្រាប់ស្ថានការណ៍បិទទីក្រុង; ធ្វើផែនការសម្រាប់ភាពប្រសើរបំផុត ដោយបង្កើននូវប្រសិទ្ធផលផលិតកម្មដើម្បីបំពេញតម្រូវការដែលកើនឡើង; ការផ្លាស់ប្ដូរទៅរកឌីជីថល ដើម្បីបង្កើតនូវគំរូដែលមានប្រសិទ្ធភាពបំផុត ។
ជាងនេះទៅទៀត ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រដែលមានភាពបន់បែនបំផុត ដោយផ្ដល់ដំណោះស្រាយ ផលិតផល និងសេវាកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការកាន់តែប្រសើរថែមទៀត និងចាប់យកទីផ្សារសក្ដានុពល នៅខណៈដែលមានការកើនឡើងនូវនិន្នាការអាជីវកម្មអនឡាញ សេវាកម្មដឹកជញ្ជូនអាហារតាមតម្រូវការ និងការគិតគូរខ្លាំងអំពីសុខភាពនិងសុខុមាលភាព ។ ជាលទ្ធផលនៃកិច្ចប្រឹងប្រែងទាំងនេះ លទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ និងសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ មិនសូវរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកលឡើយ៕”
ដោយ៖CEN