កាសែតចិនបានចុះផ្សាយថា ការធ្វើបាបរបស់អាមេរិចទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន គឺជាចក្ខុវិស័យរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទទួលទាញផលប្រយោជន៍ ពីការបាត់បង់របស់អ្នកដទៃ និងបានធ្វើឲ្យចិនគ្មានជម្រើសអ្វីក្រៅពីការទទួលយក ឬត្រូវប្រយុទ្ធដល់អស់ជីវិតនៅក្នុងពិភពបច្ចេកវិទ្យា។
កាសែតដែលគាំទ្ររដ្ឋាភិបាលចិនបន្តទៀតថា ចិនមាន “វិធីជាច្រើនក្នុងការឆ្លើយតប ប្រសិនជារដ្ឋបាលអាមេរិច អនុវត្តផែនការណ៍ខ្លួនក្នុងការវាយកម្ទេច ដើម្បីចាប់យក”។
កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិច Microsoft និយាយថា ខ្លួនកំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុនចិន ByteDance ដើម្បីទិញផ្នែកខ្លះនៃកម្មវិធី TikTok ក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានកែប្រែទិសដៅលើគម្រោងហាមឃាត់កម្មវិធីនោះនៅអាមេរិច ដោយសារបញ្ហាសន្តិសុខ និងបានទុករយៈពេល ៤៥ថ្ងៃឲ្យក្រុមហ៊ុនចិនដើម្បីសម្រេចកិច្ចព្រមព្រៀង។
រដ្ឋមន្ត្រីការបរទេសអាមេរិច Mike Pompeo បាននិយាយកាលពីចុងសប្តាហ៍ថា លោកត្រាំ នឹងចាត់វិធានការភ្លាមៗប្រឆាំងនឹងក្រុមហ៊ុនចិនទាំងឡាយណា ដែលចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយនឹងរដ្ឋាភិបាលចិន។
កាសែតចិន Global Times បាននិយាយថា ការព្យាបាទរបស់អាមេរិចលើក្រុមហ៊ុន ByteDance និង Huawei ដែលឥឡូវកំពុងស្ថិតក្នុងបញ្ជីខ្មៅអាមេរិច បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់អាមេរិច ក្នុងការបំបែកសេដ្ឋកិច្ចរបស់ខ្លួនចេញពីសេដ្ឋកិច្ចចិន។
កាសែតនិយាយទៀតថា ប្រទេសចិន “មានសមត្ថភាពនៅមានកម្រិត” ក្នុងការផ្តល់ការការពារដល់ក្រុមហ៊ុនចិនទាំងនោះ តាមរយៈការសងសឹកប្រឆាំងក្រុមហ៊ុនអាមេរិច ដោយសារអាមេរិច មានឥទ្ធិពលបច្ចេកវិទ្យាប្រសើរជាងជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន។
“ការបើកចំហររបស់ចិនទៅកាន់ពិភពលោកខាងក្រៅ និងការបំបែកយុទ្ធសាស្ត្រអាមេរិច គួរតែជាអទិភាព”។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ឥណ្ឌាក៏បានប្រកាសបិទកម្មវិធីដ៏ល្បីៗជាច្រើន រួមទាំង TikTok របស់ចិនផងដែរ ដោយព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ និងក្រោយពេលមានការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែន ដែលបណ្តាលឲ្យទាហានឥណ្ឌាស្លាប់រហូតដល់ ២០នាក់។
ចំណែកជប៉ុនវិញក៏មានគម្រោងហាមឃាត់ TikTok ក្នុងប្រទេសខ្លួនផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters