កោះកុង ៖ រដ្ឋបាលខេត្តកោះកុង ជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការទិញ លក់ដីធ្លីស្ថិតក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ តំបន់ដីសម្បទានសេដ្ឋកិច្ច ដីវិនិយោគ ដីសម្បទានសង្គមកិច្ច និងដីគម្របព្រៃឈើយ៉ាងអាណាធិបតេយ្យ ដើម្បីចៀសវាងនូវទង្វើខុសច្បាប់។
រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៤ខែសីហាឆ្នាំ២០២០ បានឲ្យសូមជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ នៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាមតំបន់មួយចំនួនទៀត មានការទិញ-លក់ ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ តំបន់ដីសម្បទានសេដ្ឋកិច្ច ដីវិនិយោគ ដីឯកជន ដីសម្បទានសង្គមកិច្ច និងដីក្នុងគម្របព្រៃឈើយ៉ាងអណាធិបតេយ្យ ។
ប្រភពដដែល បានបន្តទៀតថា ការទិញ-លក់ដីធ្លីដោយមិនមាន ការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធ និងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ យ៉ាងនេះគឺជាទង្វើខុសច្បាប់ ។
រដ្ឋបាលខេត្ត កោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវ រាល់ការលក់-ទិញដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទា ទោសទៅតុលាការតាមផ្លូវច្បាប់ ។
ដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការលក់-ទិញដីធ្លីនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការលក់-ទិញដីធ្លីមិនស្របតាម ផ្លូវច្បាប់បែបនេះ ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តច្បាប់ឲ្យបានល្អប្រសើរ៕ដោយ៖កូឡាប