ប្រទេសបារាំងកាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបញ្ឈប់កិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយនឹងទីក្រុងហុងកុង ក្រោយពេលទីក្រុងប៉េកាំងចេញច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស់លើហុងកុង។
“ដោយមើលឃើញពីការវិវត្តចុងក្រោយ បារាំងនឹងមិនដំណើរការនូវកិច្ចព្រមព្រៀង ផ្នែកបត្យាប័ន ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៧ រវាងបារាំង និងហុងកុងទៀតឡើយ”។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសបារាំង ថ្លែងនៅក្នុងសេចក្តីប្រកាស។
សេចក្តីប្រកាសថ្លែងទៀតថា ក្រសួងការបរទេសបារាំងរិះគន់យ៉ាងខ្លាំងចំពោះច្បាប់សន្តិសុខថ្មី ដោយបានចោទជាសំណួរចំពោះគោលការណ៍ ‘ប្រទេសមួយ ប្រព័ន្ធពីរ …និងមូលដ្ឋានសេរីភាពដែលជាលទ្ធផលរបស់វា’។
“ច្បាប់នោះក៏ប៉ះពាល់ដោយផ្ទាល់លើប្រជាពលរដ្ឋ និងពាណិជ្ជកម្មរបស់ពួកយើង”។
ការចេញច្បាប់សន្តិសុខសម្រាប់គ្រប់គ្រងហុងកុង របស់ទីក្រុងប៉េកាំង រងការរិះគន់ជុំទិស និងធ្វើឲ្យមានភាពតានតឹងរវាងចិន និងប្រទេសលោកខាងលិច។
ក្រៅពីបារាំង មានប្រទេសជាច្រើនទៀតដូចជា ញូវហ្សឺឡែន កាណាដា អង់គ្លេស អូស្ត្រាលី និងអាឡឺម៉ង់ជាដើមបានប្រកាសផ្អាកកិច្ចព្រមព្រៀង ធ្វើបត្យាប័នជាមួយនឹងហុងកុង ដោយសារតែពួកគេមិនទុកចិត្តថា ប្រព័ន្ធយុត្តិធម៌របស់ហុងកុងមានឯករាជ្យទៀតឡើយ។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP