ខេត្តស្វាយរៀង៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានធ្វើឡើងក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា ” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា និង សេចក្តីសម្រេចរបស់សាលាដំបូង ចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០២០នេះ។
វត្ថុតាងជាថ្នាំញៀន ដែលរឹបអូសបានទាំង៦ប្រភេទ ហើយត្រូវធ្វើការដុតបំផ្លាញចោលមានទម្ងន់សរុប៣៩.១១២,១៤ក្រាម (សាមសិបប្រាំបួនពាន់មួយរយដប់ពីរក្បៀសដប់បួនក្រាម)។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ពិធីដុតបំផ្លាញគ្រឿងញៀនដែលប្រារព្ធធ្វើនាពេលនេះ ពិតជាមានសារសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែង របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលដ៏ជោគជ័យ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជន បានឃើញយ៉ាងច្បាស់ថា រាល់វត្ថុតាងគ្រឿងញៀន ដែលកងកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន គឺមិនត្រូវបានយកទៅប្រើប្រាស់មុខសញ្ញាផ្សេងនោះឡើយ គឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុតបំផ្លាញដូចអ្វី ដែលបានឃើញ និងដុតបំផ្លាញចោលនៅថ្ងៃនេះ។
លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ គ្រឿងញៀន និងវិបត្តិកូវីដ១៩ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។ យុទ្ធនាការប្រឆាំងគ្រឿងញៀន៥លើក បង្ក្រាប ជាង៣ម៉ឺនករណី ឃាត់ជាង៦ម៉ឺននាក់ គ្រឿងញៀនជាង២៣០០គីឡូក្រាម។ ការហូរចូលគ្រឿងញៀន ពីប្រទេសជិតខាងនាំឲ្យកម្ពុជាទៅជាទីផ្សារ និងកន្លែងផលិត។ នារីកម្ពុជាម្នាក់ស៊ីឈ្នួលកាន់គ្រឿងញៀនទៅវៀតណាម ត្រូវតុលាការកាត់ទោសប្រហារជីវិត។ ក្រសួងយុត្តិធម៌ ខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ ទាក់ទងក្រសួងការបរទេស ដើម្បីអនុវត្តន៍តាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត៕ដោយ៖ វ៉ៃកូ