តារាងសម្តែង និងជាពិធីករទូរទស្សន៍តៃវ៉ាន់ អ្នកស្រី Luo Peiying ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះរបស់គាត់ កាលពីថ្ងៃចន្ទម្សិលមិញនេះ។ អ្នកស្រីមានវ័យ ៥៩ឆ្នាំ។
ប៉ូលិសបានរកឃើញសាកសពអ្នកស្រីនៅក្នុងផ្ទះគាត់ ស្ថិតក្នុងស្រុក Songshan នៃទីក្រុងតៃប៉ិ ក្រោយពេលមិត្តភក្តិរបស់គាត់បានរាយការណ៍ទៅប៉ូលិស នៅពេលពួកគេមិនអាចទាក់ទងអ្នកស្រីបានអស់រយៈពេល ២ ទៅ ៣ថ្ងៃចុងក្រោយ។ គាត់បានខកខានការជួបជុំសង្គមកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
បើតាមការចុះផ្សាយរបស់កាសែត Focus Taiwan ដែលដកស្រង់សម្តីប៉ូលិស បានឲ្យដឹងថា អ្នកស្រី Luo Peiying បានស្លាប់បាត់បង់ជីវិតរយៈពេលយ៉ាងតិចមួយថ្ងៃមកហើយ។ កាសែតចុះផ្សាយទៀតថា បុគ្គលិកសង្ក្រោះបន្ទាន់បានរកឃើញថាគាត់ដេកស្លាប់នៅលើគ្រែ ដោយមានថ្នាំងងុយគេងមួយប្រអប់ នៅលើតុក្បែរគ្រែ។
ប៉ូលិសមិនមានការសង្ស័យថា នោះជាករណីឃាតកម្មអ្វីទេ ដោយសារតែរកមិនឃើញមានស្នាមរបួសនៅលើខ្លួនរបស់ជនរងគ្រោះឡើយ។ ប៉ូលិសក៏បានធ្វើការពិនិត្យមើលកាមេរ៉ាសុវត្ថិភាព នៅក្នុងតំបន់នោះផងដែរ ដើម្បីឲ្យដឹងថា តើមាននរណាចូលក្នុងផ្ទះរបស់ជនរងគ្រោះឬយ៉ាងណា មុនពេលគាត់ស្លាប់។
សូមរំលឹកថា អ្នកស្រី Luo Peiying បានប្រឡូកចូលក្នុងវិស័យសិល្បៈអស់រយៈពេល ៣ទសវត្សរ៍មកហើយ ដោយអ្នកស្រីចាប់ផ្តើមដំបូងធ្វើជាតារាសម្តែង និងអ្នកបង្ហាញម៉ូត។
គាត់ហាក់មានស្មារតីល្អធម្មតា ប៉ុន្មានថ្ងៃមុនពេលគាត់ស្លាប់ ដោយតែងតែធ្វើការឆ្លើយតបសារ នៅក្នុងហ្វេសបុករបស់គាត់។
នៅថ្ងៃទី១២ ខាងមុខ អ្នកស្រីនឹងឈានចូលដល់វ័យ ៦០ឆ្នាំ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA