ប្រទេសអាមេរិច ៖ ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយថា ការផ្ទុះវីរុសកូរ៉ូណា កំពុងស្ថិតក្រោមការគ្រប់គ្រងបាន។
ប្រធានបក្សសាធារណរដ្ឋរូបនេះ បានបន្តធ្វើការជំរុញឲ្យអាមេរិច ធ្វើការបើកសាលារៀនឡើងវិញ តាមរយៈការសរសេរសារនៅលើបណ្តាញសង្គម Twitter របស់គាត់ និងបានធ្វើការការពារការឆ្លើយតបរបស់រដ្ឋបាលលោកទៅនឹងវីរុស។
លោកបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងគេហទំព័រ Axios ដូច្នេះថា “ពួកវាកំពុងងាប់ ហើយវាជាការពិត។ វាបានកើតឡើងហើយ យើងត្រូវទទួលយកវា ប៉ុន្តែវាមិនមែនមានន័យថា យើងមិនអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកយើងអាចធ្វើនោះឡើយ។ វាកំពុងស្ថិតក្រោមការគ្រប់គ្រងបានខ្លាំង នៅពេលអ្នកអាចគ្រប់គ្រងវា”។
សូមបញ្ជាក់ថា បច្ចុប្បន្នអាមេរិច ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ពីការរាតត្បាតរបស់វីរុសកូរ៉ូណា ចាប់តាំងពីវាផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩មក។
បើតាមតួលេខចុងក្រោយ អាមេរិចមានអ្នកស្លាប់ដោយសារវីរុសជាង ១៥៩.០០០នាក់ និងអ្នកឆ្លងជិត ៤,៩លាននាក់។
តួលេខឆ្លងសរុបទូទាំងពិភពលោកមានជិត ១៨,៥លាននាក់ និងស្លាប់ជិត ៧០០.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters