ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍រៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង(កោះរ៉ុង និងកោះរ៉ុងសន្លឹម) ។
នារសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការចុះអន្តរាគមន៍ ដោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង (កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោយពីធាតុអាកាសមានភាពធូរស្រាល។
សូមជម្រាបថា ភ្ញៀវទេសចរដែលត្រូវបានដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុ មានចំនួនសរុប ៦២១នាក់ ស្រី២១៥នាក់ ជនបរទេស ៥០នាក់ ស្រី ២៤នាក់ ក្មេង ៩៦នាក់ និងទារក ៦នាក់ ដែលបានអញ្ជើញទៅលេងកម្សាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ដោយរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះស៊ីនឡាគូ។
ក្នុងកិច្ចអន្តារាគមន៍នេះ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន ៣គ្រឿង និងធ្វើការដឹកញ្ជូនចំនួន ២ជើង៖ -ជើងទី១ ចំនួន ៤០៥នាក់ ស្រី ១៤៣នាក់ (ក្មេងចំនួន ៤១នាក់ និងទារកចំនួន ៦នាក់)។ -ជើងទី២ ចំនួន ២១៦នាក់ ស្រី ៧២នាក់ (ក្មេងចំនួន ២៣នាក់)។
ភ្ញៀវទេសចរទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន៨គ្រឿង។
ឥទ្ធិពលពីព្យុះទី៣ ឈ្មោះស៊ីនឡាគូ បានបង្កឲ្យមានជារលកធំៗបានវាយទូកចំនួន២គ្រឿង លិចចូលក្នុងសមុទ្រ ប៉ុន្តែមិនបង្ករងគ្រោះថ្នាក់ដល់មនុស្ស ដែលកំពុងជិះលើទូកនោះទេ ដោយអាជ្ញាធរខេត្តព្រះសីហនុ បានជួយអន្តរាគមន៍ទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ០៥-១១ ខែសីហា ឆ្នាំ ២០២០)។
ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០៖ តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរឹងឥទ្ធិពលពីជ្រលងសម្ពាធទាប និង ខ្យល់មូសុងនិរតីខ្សោយ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន ៕
ដោយ៖កូឡាប