ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មុននឹងដាក់បញ្ចូលទៅជារបៀបវារៈសម្រាប់សម័យប្រជុំពេញអង្គរបស់រដ្ឋសភា ខណៈច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងកាលពីពេលថ្មីៗនេះ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ។
ឯឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់នៅថ្ងៃនេះថា ការពិនិត្យសំណើរសុំអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបញ្ជូនឲ្យគណកម្មការទី២ និងទី៤ រដ្ឋសភាពិនិត្យ រួចធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ដើម្បីបញ្ជូលក្នុងរបៀបវារៈប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដែលសេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរួមគ្នា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំ។ សេចក្តីព្រាងច្បាប់នេះ មានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក៕
ដោយ៖CEN