Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្រុង​បេ​រ៉ុ​ត​ខឹងសម្បារ​យ៉ាងខ្លាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ចម្លើយ ក្រោយ​មាន​សោកនាដកម្ម​ផ្ទះ​ដ៏​កក្រើក​

​ពលរដ្ឋ​ក្រុង​បេ​រ៉ុ​ត (Beirut) បាន​សម្តែង​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​លី​បង់ និង​ទាមទារ​ឲ្យ​មានការ​ផ្តល់​ចម្លើយ បន្ទាប់ពី​មាន​សោកនាដកម្ម​ផ្ទះ​ដ៏​កក្រើក​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។​

​ប្រធានាធិបតី​លី​បង់ Michel Aoun បាន​និយាយថា ការផ្ទុះ​នោះ​បង្កឡើង​ដោយសារ​ធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ចំនួន ២.៧៥០​តោន ដែល​ត្រូវគេ​រក្សាទុក​ដោយ​គ្មាន​សុវត្ថិភាព​នៅក្នុង​ឃ្លាំង​មួយ នៅ​កំពង់ផែ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចោទប្រកាន់​អាជ្ញាធរ​ពីបទ​ពុករលួយ ធ្វេស​ប្រហែល និង​ការគ្រប់គ្រង​មិនបាន​ល្អ​។​

​ការផ្ទុះ​ដែលមាន​កម្លាំង​រញ្ជួយ ៣,៥ រិច​ទ័​រ បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន ១៣៥​នាក់ និង​ធ្វើ​ឲ្យ​រងរបួស​ជាង ៥.០០០​នាក់​។ ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្ថែមទៀត ខណៈដែល​ក្រុម​ជួយសង្គ្រោះ​កំពុង​រុករក​នៅក្រោម​គំនរ​បាក់បែក​។​

​ពលរដ្ឋ​លី​បង់​ម្នាក់ រស់នៅក្នុង​ទីក្រុង​រងគ្រោះ Chadia Elmeouchi Noun បាន​និយាយថា “​ខ្ញុំ​បានដឹង​គ្រប់ពេលវេលា​ថា ពួកយើង​ត្រូវបាន​ដឹកនាំ​ដោយ​មនុស្ស​គ្មាន​សមត្ថភាព រដ្ឋាភិបាល​អសមត្ថភាព​… ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​អ្វីមួយ​- អ្វីដែល​ពួកគេ​បានធ្វើ​នៅពេលនេះ​គឺជា​ឧក្រិដ្ឋកម្ម​”​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ រដ្ឋាភិបាល​បានប្រកាសថា មន្ត្រី​គ្រប់គ្រង​កំពង់ផែ​បេ​រ៉ុ​ត​មួយចំនួន​ត្រូវបាន​ចាប់ឃុំខ្លួន​នៅផ្ទះ ដើម្បី​រក​ចាំ​ការស៊ើបអង្កេត​លើ​ករណី​ផ្ទះ​នោះ​។​

​ក្រុមប្រឹក្សា​ការពារជាតិ​លី​បង់ បាន​បញ្ជាក់ថា អ្នក​ដែលមាន​ទំ​នួ​ស​ខុសត្រូវ​លើ​ករណី​នោះ​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម​ដ៏​ធ្ងន់​បំផុត​។​

​នៅពេល​ជាមួយគ្នានេះដែរ អង្គការ​លើកលែងទោស​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ករណី​នោះ​។ នៅក្នុង​សេចក្តីប្រកាស អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយថា ខ្លួន​ពិតជា​មាន​ក្តីកង្វល់​ខ្លាំង​អំពី​សមត្ថភាព​របស់​ប្រព័ន្ធយុត្តិធម៌​លី​បង់ ក្នុងការ​ធ្វើការ​ស៊ើបអង្កេត​ដែលមាន​តម្លាភាព និង​គួរ​ឲ្យ​ទុកចិត្តបាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×