ខេត្តស្វាយរៀង៖ វេលាម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅរោងចក្រ ម៉ាស្ទ័រ ប្លេកស្មិតមេថល ផលិតគ្រឿងសង្ហារឹម ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីអគ្គិភ័យកើតឡើង បណ្ដាលឲ្យឆេះកន្លែងស្នាក់នៅរបស់កម្មករជនជាតិចិន ធ្វើអំពីដែកប្រក់ស័ង្កសីទំហំ ១០០គុណ៥ម៉ែត្រ ទាំងស្រុង សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
បើតាមលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានមានប្រសាសន៍ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីអគ្គិភ័យឆាបឆេះកន្លែងស្នាក់នៅរបស់កម្មករជនជាតិចិន នៅតំបន់សេដ្ឋកិច្ចពិសេសសានតុង បណ្ដាលឲ្យខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់មួយចំនួន ប៉ុន្តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។
លោកបានបន្តទៀតថា៖ នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចយើងប្រើប្រាស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត រថយន្តពន្លត់អគ្គិភ័យ ១ គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង កម្លាំងនគរបាលស្រុកស្វាយទាប រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងនគរបាលក្រុងបាវិត រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ដែលដឹកនាំដោយ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ៤រថយន្ដ (រថយន្តកងរាជអាវុធហត្ថ ២គ្រឿង, រថយន្តនគរបាល ២គ្រឿង )។
លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីអគ្គិភ័យដែលអាចងាយបង្កឡើងឲ្យប្រការណាមួយ ហើយសូមពលរដ្ឋមានការប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ ផ្គររន្ទះ នារដូវវស្សានេះហើយក៏សូមបងប្អូនពលរដ្ឋចូលរួមរក្សាអនាម័យ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖ វ៉ៃកូ