មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានបញ្ជាឲ្យមន្ត្រីផ្តល់អាហារ និងទីជម្រកដល់ប្រជាជនរាប់រយគ្រួសារ ដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រនេះ។
ភ្លៀងធ្លាក់ខ្លាំងនៅឧបទ្វីបកូរ៉េ បណ្តាលឲ្យមានទឹកជំន ន់នៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយទឹកជំនន់បង្កឲ្យមានការព្រួយបារម្ភដល់ដំណាំរបស់កូរ៉េខាងជើង។
លោក គីម ជុងអ៊ុនបាននិយាយដូច្នេះថា “វាពិតជាមានសារសំខាន់ណាស់ក្នុងការផ្គត់ផ្គងសម្ភារសម្រាប់គេងឲ្យបានលឿន សម្ភារប្រចាំថ្ងៃ ថ្នាំ និងរបស់ចាំបាច់ផ្សេងៗទៀត ទៅដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ដើម្បីឲ្យពួកគេបានរស់នៅមានស្ថេរភាព”។
លោក បានថ្លែងដូច្នេះ ខណៈពេលដែលធ្វើការពិនិត្យមើលស្ថានភាពទឹកជំនន់ នៅតំបន់រងគ្រោះ ក្នុងខេត្ត Hwanghae ដែលស្ថិតនៅតាមបណ្តោយព្រំដែននៃប្រទេសកូរ៉េខាងត្បូង។
KCAN ចុះផ្សាយថា ភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ បណ្តាលឲ្យមានការលិចជន់ផ្ទះ ដែលមានមួយជាន់ចំនួន ៧៣០ខ្នង ដោយក្នុងនោះ មានផ្ទះចំនួន ១៧៩ខ្នងរងការខូចខាត និងលិចលង់ដីដាំដំណាំ។
មិនមានសេចក្តីរាយការណ៍ពីការស្លាប់នោះឡើយ។
ការមានភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងពេលរដូវច្រូតកាត់នៅតំបន់ដាំស្រូវ បង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង ពីសន្តិសុខស្បៀងរបស់កូរ៉េខាងជើង។
កាសែតរបស់បក្សកាន់អំណាចកូរ៉េខាងជើង Rodong Sinmum បានដកស្រង់ការសិក្សាដែលនិយាយថា ស្រូវ និងពោត នឹងរងការខូចខាត ប្រសិនដំណាំនេះ នៅក្នុងទឹករយៈពេល ២ ឬ ៣ថ្ងៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កូរ៉េខាងត្បូងបានបរិច្ចាគប្រាក់ចំនួន ១០លានដុល្លាអាមេរិច ទៅឲ្យកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ដើម្បីជួយកុមារ និងស្ត្រីកូរ៉េខាងជើង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters