ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខល ឯ.ក ចូលជួបសម្តែងការគួសម និងរាយការអំពីពាណិជ្ជកម្មថ្នាំកសិកម្ម របស់ក្រុមហ៊ុននៅខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។
លោកអគ្គនាយកក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខលបានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងធានាគារ លើកកម្ពស់កម្រិតជីវភាពកសិករឱ្យប្រសើឡើង តាមរយៈការជំរុញឱ្យមានទិន្នផលខ្ពស់ចំពោះដំណាំ កសិកម្ម គ្រប់ប្រភេទ ដែលក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនចិន ក្នុងការនាំយកថ្នាំ និងជីករសិកម្ម ដែលមានគុណភាពល្អ និងតម្លៃសមរម្យមកកាន់ទីផ្សារកម្ពុជា ។
បច្ចុប្បន្នក្រុមហ៊ុនកំពុង ពង្រីកទីផ្សារទៅកាន់ខេត្តស្វាយរៀង ដែលជាខេត្តមានសក្តានុពលក្នុងវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍លើវិស័យពាណិជ្ជកម្ម កសិកម្ម និងផលិតផលថ្នាំកសិកម្ម នៅខេត្តស្វាយរៀង ហើយក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ និងជំរុញដល់ការសហការជាមួយមន្ទីរកសិកម្មខេត្ត និងសហគមកសិកម្មខេត្ត ក្នុងការផ្សព្វផ្សាយថ្នាំ និងជីកសិកម្ម ដែលមានគុណភាពជូនដល់ កសិករ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ ដោយ៖វ៉ៃកូ