រដ្ឋាភិបាលអាមេរិច បានធ្វើការដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំហុងកុង គឺអ្នកស្រី Carrie Lam និងមន្ត្រីជាន់ខ្ពស់ហុងកុង និងចិនចំនួន ១០នាក់ផ្សេងទៀត ដែលទណ្ឌកម្មនេះជាការឆ្លើយតបទៅនឹងការបង្ក្រាបលើសេរីភាពក្នុងការនិយាយស្តី និងនយោបាយនៅក្នុងទីក្រុង។ នេះបើតាមក្រសួងរតនាគារអាមេរិច។
ក្រៅពីដាក់ទណ្ឌកម្មលើអ្នកស្រី Carrie Lam វិធានការនោះក៏បានចាត់ការលើមេបញ្ជាការប៉ូលសិសហុងកុងឈ្មោះ Chris Tang និងអតីតមេប៉ូលីស Stephen Lo ព្រមទាំង រដ្ឋមន្ត្រីក្រសួងសន្តិសុខ Stephen Lo និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Teresa Cheng។
មន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតដែលរងទណ្ឌកម្ម មានដូចជា មន្ត្រីជាន់ខ្ពស់ចិនប្រចាំទីក្រុងហុងកុង Luo Huining និង Xia Baolong ប្រធានការិយាល័យកិច្ចការទីក្រុងហុងកុង និងម៉ាកាវ។
ក្រសួងរតនាគារអាមេរិចនិយាយថា ការដាក់ច្បាប់សន្តិសុខរបស់ក្រុងប៉េកាំង បានបំផ្លាញដល់ស្វ័យភាពរបស់ទីក្រុងហុងកុង។
ក្រសួងនេះនិយាយថា “Carrie Lam គឺជាប្រធានប្រតិបត្តិដែលមានទំនួលខុសត្រូវ ដោយផ្ទាល់ក្នុងការអនុវត្តគោលនយោបាយ បង្ក្រាបសេរីភាព និងដំណើរលទ្ធិប្រជាធិបតេយ្យ”។
ទណ្ឌកម្មនោះ នឹងធ្វើការបង្កករាល់ទ្រព្យសម្បតិ្តទាំងអស់ របស់ពួកគេនៅអាមេរិច និងហាមប្រាមជនជាតិអាមេរិចទាំងអស់ ពីការធ្វើជំនួញជាមួយពួកគេ។
នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិច Mike Pompeo បាននិយាយថា “វិធានការនោះបានផ្ញើសារយ៉ាងច្បាស់ថា សកម្មភាពរបស់អាជ្ញាធរហុងកុងមិនអាចទទួលយកបានឡើយ និងរំលោភទៅលើការប្តេជ្ញាចិត្តអនុវត្ត ប្រទេសមួយ ប្រព័ន្ធពីររបស់ចិន”។
លោកថ្លែងទៀតក្នុង Twitter ដូច្នេះថា “ពួកយើងនឹងមិនឈរនៅស្ងៀមទេ ខណៈដែលប្រជាជនហុងកុង រងការគាបសង្កត់ដោយកណ្តាប់ដៃ បក្សកុម្មុយនិស្តចិន ឬក៏អ្នកមានឥទ្ធិពល”។
សូមរលឹកថា ចិនបានដាក់ចេញច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុងកាលពីខែមិថុនា បន្ទាប់ពីមានបាតុកម្មទ្រងទ្រាយធំកាលពីឆ្នាំមុន។
ច្បាប់នោះ ត្រូវបានគេមើលឃើញថា វានឹងបំផ្លាញដល់សិទ្ធិសេរីភាព និងស្វ័យភាពកម្រិតខ្ពស់របស់ហុងកុង។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters